វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូល និធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥ ប្រឈមមុខនឹង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ដោយសារតែគោលនយោបាយ សេដ្ឋកិច្ច ជាពិសេសទិសដៅនៃគោលនយោបាយ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
លោកស្រី Georgieva បានឲ្យដឹងក្នុងអំឡុងតុមូលប្រព័ន្ធផ្សព្វផ្សាយនៅ IMF ថា “មិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយមើលឃើញពីទំហំ និងតួនាទី នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាសាកល ចំពោះទិសដៅគោលនយោបាយ នៃការគ្រប់គ្រងប្រាក់ចំណូល ជាពិសេសលើពន្ធគយ និយតកម្ម និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក” ។
ប្រធាន IMF រូបនេះបានលើកឡើងថា “ភាពមិនប្រាកដប្រជានេះ គឺខ្ពស់ជាពិសេសជុំវិញផ្លូវសម្រាប់ គោលនយោបាយ ពាណិជ្ជកម្មឆ្ពោះទៅមុខ ដោយបន្ថែមការប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោក ជាពិសេស សម្រាប់ប្រទេស និងតំបន់ដែលរួមបញ្ចូលគ្នាកាន់តែច្រើន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក” ។
លោកស្រី Georgieva បានកត់សម្គាល់ថា “ភាពមិនច្បាស់លាស់ ត្រូវបានបង្ហាញ ជាសកលតាមរយៈអត្រាការ ប្រាក់រយៈពេលវែងខ្ពស់” ទោះបីជាអត្រាការប្រាក់រយៈពេលខ្លី បានធ្លាក់ចុះដោយហៅវាថា “វាពិតជាមិនធម្មតាខ្លាំងណាស់” ។
ប្រធាន IMF ក៏បានចង្អុលបង្ហាញពីការផ្លាស់ប្តូរនៃការរំពឹងទុករបស់ទីផ្សារ ដែលនាំឱ្យមានផលប៉ះពាល់លើតម្លៃទ្រព្យសកម្ម និងអត្រាប្តូរប្រាក់ ។ ប្រាក់ដុល្លារដ៏រឹងមាំ ទាំងធៀបនឹងរូបិយប័ណ្ណនៃបណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿន និងធៀបនឹងរូបិយ ប័ណ្ណទីផ្សារ ប្រទេស ដែលកំពុងរីកចម្រើន អាចមានសក្ដានុពល “បង្កើនថ្លៃដើមទុនខ្ពស់ សម្រាប់ប្រទេសសេដ្ឋកិច្ច ទីផ្សារកំពុងរីកចម្រើន ជាពិសេស សម្រាប់ប្រទេសដែលមានចំណូលទាប”៕
ប្រែសម្រួល ឈូក បូរ៉ា