បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេស និងបារាំង បានត្រៀមខ្លួន ជាស្រេចដើម្បីដឹកនាំ “សម្ព័ន្ធ ដែលមានឆន្ទៈ” ដើម្បីផ្តល់ការគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន រួមទាំងការដាក់ពង្រាយកងទ័ព និងយន្តហោះ ក្នុងគោលបំណងធានា បាននូវទីតាំងរបស់ទីក្រុងគៀវ នៅពេល ដែលកិច្ចព្រមព្រៀង សន្តិភាពជាមួយទីក្រុងម៉ូស្គូ ត្រូវបានឈានដល់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំកំពូលគ្រាអាសន្ននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការធ្វើដំណើរដ៏មហន្តរាយ របស់មេដឹកនាំអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Starmer បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់សហភាពអឺរ៉ុប និងអ្នកឧបត្ថម្ភផ្សេងទៀត ដើម្បីឈានឡើង និងដើរតួនាទីនាំមុខ ក្នុងការគាំទ្រដល់ទីក្រុងគៀវ។ ខណៈដែលលោកទទួលស្គាល់ថា ប្រទេសមួយចំនួនមានការបរិច្ចាគតិចតួច លោក Starmer បានទទូចថា អ្នកដែលមានឆន្ទៈគួរតែធ្វើជាបន្ទាន់។
លោក Starmer បាននិយាយនៅក្នុងសន្និសីសារព័ត៌មានថា «មិនមែនគ្រប់ជាតិសាសន៍ទាំងអស់ នឹងមានអារម្មណ៍ថា អាចចូលរួមចំណែកបានទេ ប៉ុន្តែនោះមិនអាច មានន័យថា យើងនឹងមិនចាត់វិធានការអ្វីនោះទេ ។ ផ្ទុយទៅវិញ អ្នកដែលមានឆន្ទៈ នឹងបង្កើនការធ្វើផែនការ ឥឡូវនេះដោយ មានភាពបន្ទាន់ពិតប្រាកដ ។ ចក្រភពអង់គ្លេសបានត្រៀមខ្លួនដើម្បីគាំទ្រ វាជាមួយនឹងការដាក់ពង្រាយ កងទ័ពនៅលើដី និងយន្តហោះនៅលើអាកាស រួមជាមួយប្រទេស ផ្សេងទៀត» ។
ចំណែកប្រធានាធិបតី បារាំងលោក Emmanuel Macron បាននិយាយថា កងទ័ពអឺរ៉ុប នឹងត្រូវបានដាក់ពង្រាយ នៅពេលដែលស្ថានភាព នៅលើដីមានសុវត្ថិភាព សម្រាប់ពួកគេ។ លោកបានស្នើឱ្យមាន “បទឈប់បាញ់លើអាកាស លើសមុទ្រ និង លើហេដ្ឋារចនាសម្ព័ន្ធថាមពល” ជាបណ្ដោះអាសន្នរយៈពេលមួយខែ ដែលជាគំនិតមួយដែលទីក្រុងមូស្គូ ធ្លាប់បានបរិហារថា ជាផែនការ របស់លោកខាងលិច ដើម្បីគាំទ្រ និងជំរុញទីក្រុងគៀវ ៕
ប្រែសម្រួលៈ ណៃ តុលា
