ព័ត៌មានអន្តរជាតិ

រដ្ឋនៅលោកខាងលិច តែ៦ប្រទេសប៉ុណ្ណោះ ដែលសន្យាបញ្ជូនទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន

afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព៧ត៌មានចេញពីកាសែតAFP បានរាយការណ៍ថា មានតែប្រទេសលោកខាងលិចចំនួន៦ប៉ុណ្ណោះ ដែលបានសន្យាថានឹងបញ្ជូនកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអរិភាពរវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូបានបញ្ចប់។

ប្រភពដដែល បានសរសេរទៀតថាអ្នកគាំទ្រអ៊ុយក្រែន ភាគច្រើនមានការស្ទាក់ស្ទើរ ក្នុងការសន្យាណាមួយនាពេលខាងមុខ ហើយបើយោងរបាយការណ៍ គេមើលឃើញថាការសន្យានេះ បានធ្វើឡើងនៅក្រោយកិច្ចប្រជុំ ចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិ មកពីអ្វីដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ” នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍។

ក្រុម​នៃ​ប្រទេស​ចំនួន៣០ ដែល​ភាគច្រើន​មាន​សមាសភាព​ពី EU និង​រដ្ឋ​សមាជិក​ណាតូ ហាក់​នៅ​តែ​មិនច្បាស់លាស់ដូចគ្នាទៅ​លើ​ ការ​ដាក់​ពង្រាយ​ដ៏​មាន​សក្តានុពលនេះខណៈដែល សមាជិករបស់ខ្លួនភាគច្រើន កំពុងសាកសួរអំពីគោលដៅ និងអាណត្តិនៃបេសកកម្មដែលបានស្នើឡើងមួយនេះផងដែរ។

AFP បានរាយការណ៍ថា រហូតមកដល់ពេលនេះ មានតែប្រទេសចំនួន៦ប៉ុណ្ណោះ ដែលរួមមានចក្រភពអង់គ្លេស បារាំង និងរដ្ឋបាល់ទិក – អេស្តូនី ឡាតវី និងលីទុយអានី – បានសន្យាថានឹងផ្តល់ជំនួយដល់កងទ័ព ប៉ុន្តែយ៉ាងណាក្តីរដ្ឋទី៦នៅក្នុងក្រុមនេះមិនត្រូវបានគេបញ្ជាក់ឈ្មោះនៅឡើយទេ។

យ៉ាង​ណា​ក៏​ដោយ សមាជិក​សម្ព័ន្ធ​ផ្សេង​ទៀត ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ​ជា​សាធារណៈ​អំពី​បេសកកម្ម​ដ៏​គួរឲ្យព្រួយបារម្ភ​មួយនេះ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំង​បដិសេធ​មិន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ ណា​មួយ ​មុន​ពេល​ផែន​ការ​ត្រូវ​បាន​លេច​ចេញ​ជា​សាធារណៈទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top