ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ទាមទារឱ្យអាមេរិក បញ្ចប់ការជ្រៀតជ្រែក របស់ខ្លួនក្នុងកិច្ចការ នៅអាមេរិកខាងត្បូង

ការ៉ាកាស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយជ្រៀតជ្រែករបស់ខ្លួននៅក្នុងប្រទេសអាមេរិក ខាងត្បូង ក៏ដូចជានៅទូទាំងអាមេរិកឡាទីន និងតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ប្រធានាធិបតីវេណេស៊ុយអេឡា បានលើកឡើងថា “ពីប្រទេសវេណេស៊ុយអេឡា យើងសូមស្នើសុំ និងទាមទារឱ្យបញ្ចប់ការជ្រៀតជ្រែកខុសច្បាប់ និងឃោរឃៅរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា និងនៅអាមេរិកឡាទីន” ខណៈពេលដែលលោក បានថ្លែងទៅកាន់បាតុកម្មមួយនៅទីក្រុងការ៉ាកាស ដើម្បីការពារអធិបតេយ្យភាពជាតិ ក្នុងឱកាសខួបលើកទី១៦៦ នៃសមរភូមិសាន់តាអ៊ីនេស ជាប្រវត្តិសាស្ត្រ។

លោក ម៉ាឌូរ៉ូ បានបន្ដថា “ពីប្រទេសវេណេស៊ុយអេឡា យើងទាមទារ៖ គ្រប់គ្រាន់ហើយជាមួយនឹងគោលនយោបាយផ្លាស់ប្តូររបប រដ្ឋប្រហារ និងការឈ្លានពាននៅជុំវិញពិភពលោក”។

លោកក៏បានថ្លែងអំណរគុណ ដល់ពលរដ្ឋអាមេរិកសម្រាប់ការតវ៉ាប្រឆាំងនឹងសង្គ្រាមដែលអាចកើតមានជាមួយប្រទេសវេណេស៊ុយអេឡា ដោយបានបង្ហាញពីចលនា មតិសាធារណៈ ដែលកំពុងកើនឡើង និងមានឥទ្ធិពល ដែលបដិសេធអរិភាព យោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសរបស់លោក។

អស់រយៈពេលជិតបួន ខែមកហើយ សហរដ្ឋអាមេរិកបានរក្សាវត្តមានយោធាដ៏សំខាន់មួយនៅក្នុងតំបន់ការីប៊ីន ដែលភាគច្រើននៅឆ្ងាយ ពីឆ្នេរសមុទ្រ របស់ប្រទេស វេណេស៊ុយអេឡា ដែលត្រូវបានគេអះអាងថាដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលជាការអះអាង ដែលប្រទេស វេណេស៊ុយអេឡាបានថ្កោលទោសថាជាការប៉ុនប៉ងលាក់បាំងមួយ ដើម្បីនាំមកនូវការផ្លាស់ប្តូររបបនៅទីក្រុងការ៉ាកាស៕

To Top