លោក ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក រឹបអូសកប៉ាល់ ដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រ វេណេស៊ុយអេឡា
វ៉ាស៊ីនតោន៖ យោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិកបានស្ទាក់ចាប់ និងគ្រប់គ្រងកប៉ាល់ដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ។ លោកបានថ្លែងនៅក្នុងព្រឹត្តិការណ៍ មួយនៅសេតវិមានថា “ដូចដែលអ្នក ប្រហែលជាដឹងហើយថា យើងទើបតែរឹបអូសកប៉ាល់ ដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ដែលជាកប៉ាល់ដឹកប្រេងដ៏ធំមួយ។ តាមពិតទៅ វាជាកប៉ាល់ធំជាងគេបំផុត ដែលមិនធ្លាប់រឹបអូស”។
កងកម្លាំងសហរដ្ឋអាមេរិក បានអនុវត្ត “សកម្មភាពអនុវត្តច្បាប់តុលាការលើកប៉ាល់គ្មានរដ្ឋ” ដែលត្រូវបានចតចុង ក្រោយនៅវេណេស៊ុយអេឡា នេះបើយោង តាមរបាយការណ៍របស់គេហទំព័រ Bloomberg ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ អាមេរិកម្នាក់។ របាយការណ៍នេះបានឲ្យដឹងថា តម្លៃប្រេងអន្តរជាតិបានកើនឡើង ខ្ពស់បន្ទាប់ពីព័ត៌មាននៃការរឹបអូស ដោយប្រេងឆៅ Brent បានកើនឡើងរហូតដល់ ០,៨ ភាគរយនៅក្នុងការជួញដូរនៅទីក្រុងឡុងដ៍។
លោក ដូណាល់ ត្រាំ ថ្មីៗនេះបានបញ្ជាក់ជាថ្មីថា យោធាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមវាយប្រហារលើដីគោកដែលកំណត់គោលដៅលើអ្នកជួញដូរគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីន “ឆាប់ៗនេះ” ដែលធ្វើឲ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡាកាន់តែកើនឡើង។ ចាប់តាំងពីខែកញ្ញាមក មន្ទីរបញ្ចកោណបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ២២ លើកលើនាវាដឹកគ្រឿងញៀននៅក្នុងតំបន់ការីប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៧ នាក់។
ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំងប្រហែលដប់គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះធំមួយ និង កងទ័ពប្រហែល ១៥,០០០ នាក់ទៅកាន់សមុទ្រការ៉ាប៊ីន ដែលមានឆ្នេរសមុទ្រ ច្រើនជាមួយប្រទេស វេណេស៊ុយអេឡា ។ តំបន់នេះ មិនបានឃើញវត្តមាន យោធាអាមេរិក យ៉ាងច្រើនបែបនេះ អស់រយៈពេលយ៉ាងហោច ណាស់បីទសវត្សរ៍មកហើយ។ ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានថ្កោលទោសសកម្មភាព របស់ទីក្រុងវ៉ាស៊ីនតោនថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងពង្រីកឥទ្ធិពលយោធាអាមេរិក នៅអាមេរិកឡាទីន ៕
