អ៊ីរ៉ង់ បដិសេធថា មិនបានចរចាជាមួយ សហរដ្ឋអាមេរិកនោះទេ ដោយហៅវាថា គ្មានន័យក្នុងស្ថានភាពបច្ចុប្បន្ន
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធថា មិនបានចរចា ជាមួយសហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមរបាយ ការណ៍ របស់ទីភ្នាក់ងារ សារ ព័ត៌មានផ្លូវការ IRNA របស់ប្រទេសនេះ ដោយបដិសេធការអះអាង ពីមុនរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលថាទីក្រុងវ៉ាស៊ីនតោន បានឈានដល់ “ចំណុចសំខាន់ៗ នៃកិច្ចព្រមព្រៀង” ជាមួយអ៊ីរ៉ង់ ហើយកំពុងទាក់ទងជាមួយ “មនុស្សកំពូលម្នាក់”។
ប្រទេសជាមិត្តថ្មីៗនេះបានផ្ញើសារទៅកាន់អ៊ីរ៉ង់ដែលបង្ហាញពីបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការចាប់ផ្តើមការចរចាស្តីពីការបញ្ចប់សង្គ្រាម ប៉ុន្តែអ៊ីរ៉ង់មិនបានឆ្លើយតបទេ នេះបើយោងតាមរបាយការណ៍របស់ IRNA ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei។
លោក Baghaei បានលេីកឡេីងថា ជំហររបស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូសក៏ដូចជាលក្ខខណ្ឌរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាមមិនមានការផ្លាស់ប្តូរទេ នេះបើយោងតាមរបាយការណ៍របស់ IRNA។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក៏បានបដិសេធការអះអាង នេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម X ដោយថា “មិនមានការចរចាណា មួយត្រូវបានធ្វើឡើង” ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។
ទន្ទឹមនឹងនេះ របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានដកស្រង់ សម្តីលោក Ebrahim Rezaei អ្នកនាំពាក្យគណៈកម្មាធិការ សន្តិសុខជាតិ និងគោលនយោបាយ ការបរទេសរបស់សភាអ៊ីរ៉ង់ ដោយថា ការចរចាជាមួយសហរដ្ឋអាមេរិក គឺគ្មានន័យអ្វីទេនៅក្នុង លក្ខខណ្ឌបច្ចុប្បន្ន៕
ប្រែសម្រួល ឈូក បូរ៉ា
