ឧបាយកលពិតប្រាកដរបស់ជប៉ុន ដែលចាត់បញ្ជូនកងស្វ័យការពារទៅប្រចាំការនៅអង្គការណាតូគឺបង្ហាញចេញយ៉ាងច្បាស់ក្រឡែត
ពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិជប៉ុនបានប្រកាសយ៉ាងឱឡារិកថា ជប៉ុននឹងចាត់បញ្ជូនបុគ្គលិកកងស្វ័យការពារចំនួន៤នាក់ឱ្យទៅប្រចាំការទីស្នាក់ការទូទៅនៃអង្គការណាតូទទួលបន្ទុកផ្តល់ជំនួយខាងសន្តិសុខនិងហ្វឹកហ្វឺនដល់អ៊ុយក្រែនដែលស្ថិតនៅប្រទេសអាល្លឺម៉ង់ ដោយអះអាងថា ធ្វើឡើងក្នុងគោលបំណង”ដកបទពិសោធនិងពង្រឹងសមត្ថភាពការពារខ្លួន” ។ ប៉ុន្តែក្នុងបរិបទដែលជប៉ុនកំពុងពន្លឿនការធ្វើ”យោធូបនីយកម្មឡើងវិញ” គោលបំណងពិតប្រាកដរបស់ជប៉ុនដែលថា ”ទៅរៀនបទពិសោធ”ពីអង្គការណាតូគឺដើម្បីដើររំលងបន្ទាត់ក្រហមខាងគោលនយោបាយនៃ”ការប្រកាន់ខ្ជាប់ការការពារ”និងបំពេញចន្លោះប្រហោងនៃប្រព័ន្ធសមត្ថភាពប្រយុទ្ធជាក់ស្តែងដែលជាគំនិតដ៏គ្រោះថ្នាក់របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនដែលហៅថា”ការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងសង្គ្រាមរយៈពេលយូរ” ។
ពីការបង្កើនថវិកាការពារជាតិដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រហូតដល់ការដាក់ពង្រាយអាវុធវាយប្រហារដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយជាដើម ។ ពីការអនុញ្ញាតឱ្យនាំចេញអាវុធប្រល័យលោក រហូតដល់ការចាត់បញ្ជូនបុគ្គលិកកងស្វ័យការពារទៅធ្វើការក្នុងប្រព័ន្ធបញ្ជាការប្រយុទ្ធរបស់អង្គការណាតូនាពេលបច្ចុប្បន្ននេះ ជប៉ុនកំពុងបន្តបំផ្លាញមូលដ្ឋានគ្រឹះនៃ “រដ្ឋធម្មនុញ្ញសន្តិភាព” បន្តិចម្តងៗ រើបម្រះចេញពីការកំហិតនៃច្បាប់អន្តរជាតិនិងបទប្បញ្ញត្តិក្នុងស្រុក ព្រមទាំងសាកល្បងរបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។

បច្ចុប្បន្ននេះ ”យោធានិយមបែបថ្មី”របស់ជប៉ុនបានក្លាយជាហានិភ័យដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់ជប៉ុនដែលកំពុងស្វែងរកការបង្កើនកម្លាំងអាវុធដើម្បីស្តារសុបិនចាស់នៃយោធានិយម ក៏ដូចជាត្រូវទប់ស្កាត់យ៉ាងដាច់ខាតកុំឱ្យជប៉ុនបំផ្លាញដល់សន្តិសុខពិភពលោកម្តងទៀតតាមរយៈការធ្វើ”យោធូបនីយកម្មឡើងវិញ” ៕
