កងកម្លាំង IRGC អ៊ីរ៉ង់ បើកការវាយប្រហារគោលដៅមូលដ្ឋាន al-Azraq របស់អាមេរិក នៅហ្ស៊កដានី ដោយមីស៊ីលផ្លោង ១២ គ្រាប់
តេអេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារមូលដ្ឋាន al-Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស ហ្ស៊កដានី ដោយមីស៊ីលផ្លោងចំនួន ១២ គ្រាប់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ របស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់ប្រទេស IRNA។
ការវាយប្រហារចុងក្រោយបំផុត បានកំណត់គោលដៅយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក រួមទាំងយន្តហោះចម្បាំង F35, F15 និង F16 លើកន្លែងសំខាន់ៗ និងមជ្ឈមណ្ឌលត្រួតពិនិត្យនៅមូលដ្ឋានទ័ពអាកាស នេះបើយោងតាមការចុះផ្សាយរបស់ IRNA ដោយដកស្រង់សេចក្តីប្រកាសរបស់ IRGC។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍រវាងកងកម្លាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅក្នុងដែនទឹកនៃឈូងសមុទ្រហ័រមូស និងឈូងសមុទ្រអូម៉ង់ ខណៈដែលទីបញ្ជាការកណ្តាល Khatam al-Anbiya ដែលជាបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រហ័រមូសទាំងស្រុង។
របាយការណ៍ដំបូងបានបង្ហាញថា នាវាអាមេរិកនៅជិតច្រកសមុទ្រហ័រមូសត្រូវបានកំណត់គោលដៅដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
សំឡេងផ្ទុះក៏ត្រូវបានគេឮនៅក្នុងស្រុកស៊ីរីក និងមីណាប និងទីក្រុងកំពង់ផែបាន់ដារអាបាស់ ដែលទាំងអស់ស្ថិតនៅក្នុងខេត្តហ័រមូសហ្គាន ក៏ដូចជានៅលើកោះឃ្វេសម និងហ៊ែនហ្គាម ខណៈដែលប្រព័ន្ធការពារដែនអាកាស ត្រូវបានធ្វើឱ្យសកម្មនៅភាគខាងលិចនៃរដ្ឋធានីតេអេរ៉ង់ និងនៅខេត្តហ្វាសភាគខាងត្បូង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Mehr។
បន្ទាប់ពីឧប្បត្តិហេតុទាំងនេះ ទីស្នាក់ការកណ្តាល Khatam al-Anbiya បានឲ្យដឹងថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទសម្រាប់នាវាគ្រប់ប្រភេទ រួមទាំងនាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដោយសារតែការគំរាមកំហែងសន្តិសុខនៅក្នុងផ្លូវទឹក។
ទីស្នាក់ការកណ្តាលបានលើកឡើងពីការបន្តនៃ “សកម្មភាពព្យាបាទ” និងការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅព្រឹកព្រលឹមថ្ងៃនោះនៅក្នុងខេត្ត ហ័រមូសហ្គាន ភាគខាងត្បូងរបស់អ៊ីរ៉ង់ ដោយថា នាវាណាមួយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះនឹងត្រូវកំណត់គោលដៅ។
ការវិវត្តន៍ទាំងនេះបានកើតឡើងបន្ទាប់ពីការប្រកាសរបស់ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានចាប់ផ្តើម “ការវាយប្រហារការពារខ្លួនបន្ថែម” ប្រឆាំងនឹងគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា “ការឈ្លានពានដែលមិនសមហេតុផល និងបន្ត” របស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
