គុយបា អះអាងថា ការហាមឃាត់ថាមពល របស់សហរដ្ឋអាមេរិក រារាំងដល់ការងាររបស់ទីភ្នាក់ងារអន្តរជាតិ
ហាវ៉ាណា៖ ប្រទេសគុយបាបានថ្កោលទោសការបិទការផ្គត់ផ្គង់ថាមពលរបស់សហរដ្ឋអាមេរិកទៅកាន់កោះនេះ ដោយថា វាបានរារាំងការងាររបស់ទីភ្នាក់ងារ និងអង្គការអន្តរជាតិនៅក្នុងប្រទេសការាបៀន និងរឹតត្បិតសកម្មភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “វាមិនត្រឹមតែរឹតត្បិតដំណើរការ នៃសេដ្ឋកិច្ចគុយបាប៉ុណ្ណោះទេ ប៉ុន្ដែវារារាំងការងាររបស់ទីភ្នាក់ងារ និងអង្គការអន្តរជាតិ ដែលបង្ហាញពីលក្ខណៈក្រៅទឹកដីរបស់ខ្លួន”។
យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ ដែលលោក Rodriguez បានដកស្រង់ ទំនិញសំខាន់ៗប្រមាណ ៦,៣ លានដុល្លារអាមេរិក ដែលបានមកដល់ប្រទេសគុយបា ក្នុងកុងតឺន័រចំនួន ១៧០ “មិនបានទៅដល់អ្នកទទួលផលនោះទេ ដោយសារតែកង្វះខាតប្រេងឥន្ធនៈ”។
លោក Rodriguez បានសង្កត់ធ្ងន់ថា ការបិទការផ្គត់ផ្គង់ថាមពលរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសគុយបាមានផលប៉ះពាល់ពិតប្រាកដ និងធ្ងន់ធ្ងរទៅលើប្រជាជនគុយបា និងជាផ្នែកមួយនៃ “ការដាក់ទណ្ឌកម្មរួមគ្នា” ដែលទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើលើពលរដ្ឋជាមធ្យម។
នៅដើមខែមិថុនា របាយការណ៍ពីសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកបានបង្ហាញថា កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងភ្នាក់ងារផ្សេងទៀត ដូចជាកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ កំពុងជួបការលំបាកក្នុងការចែកចាយជំនួយនៅក្នុងប្រទេសគុយបា ដោយសារតែកង្វះខាតប្រេងឥន្ធនៈ។
សហរដ្ឋអាមេរិក ដែលបានរក្សាការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុប្រឆាំងនឹងប្រទេសគុយបា អស់រយៈពេលជាង ៦ទសវត្សរ៍មកហើយ បានរឹតបន្តឹងការរឹតត្បិតរបស់ខ្លួនលើសេដ្ឋកិច្ចគុយបា នៅក្នុងខែមករា ដោយដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេស ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កោះនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
