ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើសុំឱ្យប្រធានាធិបតីអាមេរិក ដឹកនាំស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញ ភាពតានតឹងជាមួយកូរ៉េខាងជើង
បរទេស៖ ការិយាល័យរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដឹកនាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញ ភាពតានតឹងជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេល នៃការផ្លាស់ប្តូររយៈពេលខ្លីមួយ នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេស G7 កាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង គឺ លោកស្រី Kang Yu-jung បាននិយាយថា មេដឹកនាំទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមក ក្នុងអំឡុងពេលថតរូបជាក្រុមរបស់មេដឹកនាំ G7 ជាកន្លែងដែលលោក Trump បានសួរលោក Lee អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងជាមួយកូរ៉េខាងជើង។
យោងតាមការិយាល័យរបស់ លោក Lee គឺលោក Lee Jae Myung បានស្នើសុំឱ្យលោក Trump ដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី ដូចដែលលោកបានធ្វើជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកស្រី Kang បាននិយាយថា លោក Trump បានឆ្លើយតបថា លោកនឹងធ្វើការដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង។
សូមជម្រាបថា លោក Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបប្រជុំគ្នាចំនួនបីលើកក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump រួមទាំងកិច្ចប្រជុំកំពូលដ៏សំខាន់មួយនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៨ កិច្ចប្រជុំកំពូលលើកទីពីរនៅទីក្រុងហាណូយក្នុងឆ្នាំ ២០១៩ និងកិច្ចប្រជុំមួយនៅពេលក្រោយនៃឆ្នាំនោះនៅតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ ជាកន្លែងដែលលោក Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលកំពុងកាន់តំណែង ដែលបានបោះជំហានចូលទៅក្នុងកូរ៉េខាងជើង។
ប៉ុន្តែផ្នែកការទូតបានដួលរលំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបន្ធូរបន្ថយទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក។
ប្រែសម្រួលៈ ណៃ តុលា
