ព័ត៌មានអន្តរជាតិ

​ ក្រុមហាម៉ាស់​ និងអ៊ីស្រាអែល​ ឈានដល់កិច្ចព្រមព្រៀង​ និងត្រៀមចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ

គែរ៖ កិច្ចព្រមព្រៀងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល​ ត្រូវបានឈានដល់ ហើយក្រុមហាម៉ាស់​ នឹងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Al Arabiya ដែលគ្រប់គ្រងដោយប្រទេសអារ៉ាប៊ីសាអូឌីត ដោយដកស្រង់សម្តីមន្ត្រីហាម៉ាសម្នាក់។

ទូរទស្សន៍រដ្ឋអេហ្ស៊ីប​ ក៏បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះផងដែរថា ក្រុមហាម៉ាស់​ និង ក្រុមប៉ាឡេស្ទីន​ បានយល់ព្រមលើផែនការ សម្រាប់ការអនុវត្តដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា រួមទាំងដំណើរការបន្តិចម្តងៗសម្រាប់ការធ្វើសារពើភ័ណ្ឌ និងរក្សាទុកអាវុធរបស់ពួកគេ។

របាយការណ៍នេះបានឧ្យដឹងថា គណៈកម្មាធិការជាតិ​ សម្រាប់រដ្ឋបាលតំបន់ហ្គាហ្សានឹងត្រួតពិនិត្យ និងអនុវត្តដំណើរការបន្តិចម្តងៗ និងជាបន្តបន្ទាប់នៃការធ្វើសារពើភ័ណ្ឌ និងរក្សាទុកអាវុធ នេះបើយោងតាមការដកស្រង់ប្រភពព័ត៌មានអេហ្ស៊ីប។

ប្រភពបានបន្ថែមថា ការចាប់ផ្តើមនៃដំណើរការធ្វើសារពើភ័ណ្ឌអាវុធនឹងត្រូវបានភ្ជាប់ទៅនឹងការចូលរបស់គណៈកម្មាធិការចូលទៅក្នុងតំបន់ហ្គាហ្សា និងការដាក់ពង្រាយកងកម្លាំងស្ថេរភាពអន្តរជាតិ។

ប្រភពនេះបានបន្ដថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការចូលរបស់គណៈកម្មាធិការចូលទៅក្នុងតំបន់ហ្គាហ្សា ការដាក់ពង្រាយកងកម្លាំងអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដំបូងនៅក្នុងតំបន់នោះផងដែរ។

ក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីន បានជូនដំណឹងដល់អ្នកសម្របសម្រួល អំពីការយល់ព្រមរបស់ពួកគេ​ ចំពោះផែនការនេះ ខណៈដែលកិច្ចប្រជុំមួយ ដែលពាក់ព័ន្ធនឹងអ្នកសម្របសម្រួលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះនៅទីក្រុងគែរ ដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ក្នុងការអនុវត្តកិច្ចព្រមព្រៀង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top