ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូទី វាយប្រហារអាកាសយានដ្ឋាន អន្តរជាតិក្នុងទីក្រុងអាដិន ក្នុងប្រទេសយេម៉ែន ដោយប្រើប្រាស់មីស៊ីលបាលីស្ទីក និងយន្តហោះគ្មានមនុស្សបើក

បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសយេម៉ែនបានឱ្យដឹងថា ក្រុមហ៊ូទី (Houthis) បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងអាដិន (Aden) នៅភាគខាងត្បូងប្រទេសយេម៉ែន ដោយប្រើប្រាស់មីស៊ីលបាលីស្ទីក និងយន្តហោះគ្មានមនុស្សបើក (drone) បំពាក់ដោយគ្រឿងផ្ទុះ នៅព្រឹកថ្ងៃពុធ ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅតាមសមរភូមិជាច្រើនរវាងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ និងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីយុទ្ធសាស្ត្រដែលត្រូវបានក្រុមហ៊ូទីកាន់កាប់នោះ បានប្រកាសថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលបាលីស្ទីករបស់ក្រុមហ៊ូទីមួយគ្រាប់ នៅភាគខាងជើងទីក្រុងរីយ៉ាដ (Riyadh) ដែលជារដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត។

ការកើនឡើងនៃភាពតានតឹងនេះបានកើតឡើង បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដោយមានការគាំទ្រផ្នែកអាកាសពីសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកប្រតិបត្តិការវាយបកយ៉ាងឆាប់រហ័សនៅសប្តាហ៍នេះ ដើម្បីដណ្តើមយកតំបន់ឆ្នេរសមុទ្រក្រហម (Red Sea) នៅជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ដែលជាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ និងទីក្រុង Mocha។

រដ្ឋាភិបាលយេម៉ែនបានបញ្ជាក់ថា សកម្មភាពនេះបានបង្ខំឱ្យក្រុមហ៊ូទីដកខ្លួនចេញពីតំបន់ដែលពួកគេបានកាន់កាប់កាលពីខែមុន ដែលជាការធ្វើឱ្យផ្ទុះឡើងវិញនូវសង្គ្រាមដ៏ស្មុគស្មាញរយៈពេល ១២ ឆ្នាំមកនេះ ដែលបានបង្កជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក និងបានបែងចែកប្រទេសដែលក្រីក្របំផុតនៅក្នុងពិភពអារ៉ាប់មួយនេះឱ្យបែកបាក់គ្នា។
ប្រែសម្រួលៈ តុលា

To Top