ប្រធានាធិបតីអ៊ុយក្រែនថា ព័ត៌មានចារកម្ម ចុងក្រោយបង្ហាញថា រុស្ស៊ីកំពុងរៀបចំវាយប្រហារទ្រង់ទ្រាយធំ មកលើប្រទេសអ៊ុយក្រែន
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងកាលពីថ្ងៃអង្គារថា ព័ត៌មានចារកម្មចុងក្រោយបានបង្ហាញថា ប្រទេសរុស្ស៊ីកំពុងរៀបចំធ្វើ “ការវាយប្រហារទ្រង់ទ្រាយធំ” មកលើប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា លោក Zelenskiy បានថ្លែងនៅក្នុងសុន្ទរកថា ជាវីដេអូប្រចាំយប់របស់លោកថា៖ «មានព័ត៌មានចារកម្មថ្មីៗដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំធ្វើការ វាយប្រហារទ្រង់ទ្រាយធំ»។
លោកបន្តថា «ស្ថាប័ននានារបស់អ៊ុយក្រែន និងកងទ័ពអាកាសរបស់យើង គឺត្រៀមខ្លួនរួចរាល់ហើយក្នុងការឆ្លើយតប ទៅតាមលទ្ធភាព ដែលធនធានការពារ ដែលមានស្រាប់របស់យើងអនុញ្ញាត»។
លោក Zelenskiy បានលើកឡើងថា ជំហររបស់អ៊ុយក្រែនគឺអាស្រ័យយ៉ាងខ្លាំងទៅលើអ្វីដែលសម្ព័ន្ធមិត្តអាចផ្តល់ជូនទាក់ទងនឹងអាវុធ ដើម្បីការពារប្រឆាំង នឹងការវាយប្រហារថ្មីរបស់រុស្ស៊ី។
លោកបានមានប្រសាសន៍ថា៖ «អ្វីៗជាច្រើនគឺអាស្រ័យលើដៃគូរបស់យើង លើមេដឹកនាំ និងប្រទេសនីមួយៗនៅលើពិភពលោក ដែលមានសមត្ថភាពការពារដែលយើងត្រូវការ ហើយអាចផ្តល់វាដល់យើងបាន»។
