នយោបាយ

Update6: លោក សម រង្ស៊ី មកដល់ប្រទេសម៉ាឡេស៊ី ហើយថា នឹងពិភាក្សា ជាមួយសមាជិក សភាម៉ាឡេស៊ី នៅថ្ងៃ១២វិច្ឆិកានេះ

បរទេស៖ លោក សម រង្ស៊ី អតីតមេដឹកនាំ​​ គណបក្សប្រឆាំងនៅកម្ពុជា បានធ្វើដំណើរ ពីប្រទេសបារាំង ទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីលោក ត្រូវបានគេបដិសេធ មិនអនុញ្ញាតឱ្យឡើងជិះ យន្តហោះអាកាសចរណ៍ Thai Airways ក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសថៃ និងឆ្លងព្រំដែន ចូលមកប្រទេសកម្ពុជា តាមការគ្រោងទុក ។

យោងតាមសារព័ត៌មាន BBC ផ្សាយជាភាសាថៃ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន ក្នុងទីក្រុងគូឡាឡាំពួរ អ្នកយកព័ត៌មានម្នាក់ បានសួរលោក សម រង្ស៊ី ថា តើលោកនឹងធ្វើអ្វី នៅប្រទេសម៉ាឡេស៊ី? លោកបានឆ្លើយតបថា « ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយ ដ៏ស្រស់ស្អាត។ ខ្ញុំមានមិត្តភក្តិជាច្រើននៅទីនេះ ហើយម៉ាឡេស៊ី មានអ្នកដឹកនាំដែលចេះបំផុសគំនិត»។

លោក សម រង្ស៊ី បាននិយាយទៀតថា លោកនឹងស្នាក់នៅ ក្នុងប្រទេសម៉ាឡេស៊ី រយៈពេល ២-៣ ថ្ងៃហើយត្រូវបានអញ្ជើញ ឱ្យពិភាក្សាជាមួយ សមាជិកសភាម៉ាឡេស៊ី នៅឯសភានៅថ្ងៃទី ១២ ខែវិច្ឆិកា ដែលនឹងជាការពិភាក្សា អំពីកិច្ចសហប្រតិបត្តិការទូទៅ និងពង្រឹងទំនាក់ទំនង រវាងម៉ាឡេស៊ីនិងកម្ពុជា។

លើសពីនេះ អ្នកយកព័ត៌មាន បានសួរលោក សម រង្ស៊ី ទៀតថា តើក្នុងដំណើរទស្សនកិច្ចនេះ តើលោកមានផែនការ វិលត្រឡប់ មកប្រទេសកម្ពុជាវិញ តាមរយៈប្រទេសថៃ ដែរឬទេ? លោកឆ្លើយថា “ខ្ញុំមិនអាចនិយាយអ្វី បានទេឥឡូវនេះ” ។ ប៉ុន្តែលោកបានបញ្ជាក់ថា នឹងវិលត្រឡប់មកកម្ពុជាវិញ ព្រោះវាជាសិទ្ធិ និងភារកិច្ចរបស់លោក ។

អតីតមេបក្សប្រឆាំងកម្ពុជារូបនេះ បាននិយាយថា ប្រជាជនកម្ពុជា កំពុងរង់ចាំ ការវិលត្រឡប់របស់លោក ដោយនិយាយថា “មានសង្ឃឹមយើងនឹងឈ្នះ”៕
ដោយ៖ ដើមអម្ពិល

To Top