ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងប្រទានភ្លើងទៀនជ័យ លើប្រទីបព្រះបរមរាជវាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះអង្គបានសព្វ​ព្រះរាជហឫទ័យ ស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នផ្សេងៗចំនួន ១៤ ចាប់ផ្ដើមចេញដំណើរបណ្ដែត​ឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរ​ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះ។

ក្នុងបណ្ដាញសង្គមហ្វេសបុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា យាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនោះដែរ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ឧត្ដមទីប្រឹក្សា ព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្ត និងរាជធានីយ៉ាងច្រើនកុះករ ។

នៅរាត្រីថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសពះព្រះខែ អកអំបុកនេះដែរ ក៏មានការសម្ដែងសិល្បៈ និងប្រគំតន្ត្រីជូនប្រជាពលរដ្ឋ ទស្សនាកម្សាន្តនៅតាម ទីធ្លាសាធារណៈ មួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ផងដែរ។

សូមជូនពរបងប្អូនជនរួមជាតិទាំងទទួលបានសុខសុវត្ថិភាព ក្នុងដំណើរកម្សាន្តជិតឆ្ងាយ និង សប្បាយរីករាយជួបជុំជាមួយ ក្រុមគ្រួសារនៅថ្ងៃទី០១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះ ខែ និង អកអំបុក ឆ្នាំ ២០១៩ នៅទូទាំងប្រទេស៕

To Top