ព័ត៌មានជាតិ

អ.វ.ត.ក នឹងបើកសវនាការ៣ថ្ងៃ ក្នុងសំណុំរឿង ០០៣ ប្រឆាំង មាស មុត

ភ្នំពេញ ៖ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នឹងចាប់ផ្តើមសវនាការ រយៈពេល៣បីថ្ងៃ ក្នុងសំណុំរឿង ០០៣ ប្រឆាំង មាស មុត ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃ២០ វិច្ឆិកា បានឲ្យដឹងថា ជាកិច្ចចាប់ផ្តើម ប្រធានអង្គជំនុំជម្រះ នឹងប្រកាសបើកសវនាការជាសាធារណៈ បន្ទាប់មកនឹងអានរបាយការណ៍ នៃសំណុំរឿងនេះជាសាធារណៈ ដែលលើកឡើងនូវអង្គហេតុពាក់ព័ន្ធនានា និងប្រវត្តិនីតិវិធីនៃសំណុំរឿង ០០៣ ព្រមទាំងសេចក្តីលម្អិត នៃបណ្តឹងឧទ្ធរណ៍នានា ដែលបានដាក់នៅចំពោះមុខអង្គជំនុំជម្រះ។

សំណៅកោសលុប នៃរបាយការណ៍នេះ នឹងអាចរកមើលបាន នៅលើគេហទំព័រសាធារណៈ របស់តុលាការ បន្ទាប់ពីចប់សវនាការនោះភ្លាមៗ។

សវនាការនឹងបន្តដំណើរការ នៅថ្ងៃ ២៨-២៩ វិច្ឆិកា ទៀតអនុលោមទៅតាមដីកាកំណត់ កាលវិភាគសម្រាប់សវនាការ ដែលបានចេញនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៩។ ប្រសិនបើចាំបាច់ ចៅក្រមនឹងតាំងសំណួរ ដល់ភាគីនានាជាសាធារណៈ នៅថ្ងៃទី ២៩ វិច្ឆិកា មុនពេលបញ្ចប់សវនាការ ៕

To Top