ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌ ទាញញញួរវាយក្បាលប្តី រងរបួសស្ទើរស្លាប់ស្ទើររស់

ស្វាយរៀង ៖ ព្រោះតែភ្លើងប្រច័ណ្ឌស្ត្រីម្នាក់ ស្ទើរក្លាយជាឃាតករសំលាប់ប្តីរបស់ខ្លួន ហ៊ានទាញយកញញួរវាយក្បាលប្តី ជាច្រើនញញួរ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩នេះ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថិកច្ចបានឲ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយ បង្កឡើងដោយឈ្មោះ ឡៅ សាម៉ាច ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានទាញយកញញួរ មកវាយទៅលើឈ្មោះសូ សារិត ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ដែលត្រូវជាប្តី) ជាច្រើនញញួរចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ប្រភពបានបន្តទៀតថា ក្រោយពីជនរងគ្រោះរងរបួស ដោយសារប្រពន្ធវាយ ត្រូវបានសាច់ញាតិដឹកបញ្ជូន ទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីធ្វើសង្គ្រោះ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ បង្កសំណុំរឿងតាមនីតិវិធី៕

To Top