ព័ត៌មានជាតិ

ឆ្នាំ២០២០ កម្ពុជា-បង់ក្លាដេស នឹងដាក់សម្ពោធ ផ្លូវបិតាជាតិបង់ក្លាដេស និងផ្លូវព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ

ភ្នំពេញ ៖ នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានិងបង់ក្លាដេស នឹងគ្រោងដាក់សម្ពោធ ឲ្យប្រើប្រាស់ ឈ្មោះផ្លូវ បិតាជាតិបង់ក្លាដេសនៅកម្ពុជា ព្រមទាំងផ្លូវឈ្មោះ ព្រះបរមនាម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅតំបន់អគារស្ថាប័នរដ្ឋ ក្នុងទីក្រុងដាកា ។

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាល កម្ពុជា-បង់ក្លាដេស បានចុះអនុស្សារណ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងជាច្រើន ព្រមទាំងបានឯកភាពគ្នា ដាក់ឈ្មោះផ្លូវ បិតាជាតិបង់ក្លាដេស នៅកម្ពុជា និងផ្លូវឈ្មោះ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ នៅបង់ក្លាដេសផងដែរ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភា បង់ក្លាដេស នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា ដើម្បីជាសក្ខីភាព នៃទំនាក់ទំនងដ៏ល្អប្រសើររវាប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋាភិបាលបង់ក្លាដេស សម្រេចយកយកព្រះបរមនាម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដាក់ឈ្មោះផ្លូវមួយ នៅតំបន់អគារស្ថាប័នរដ្ឋ ក្នុងទីក្រុងដាកា។

សម្ដេចមានប្រសាសន៍ថា “ចំណែកកម្ពុជា បានកំណត់យកផ្លូវក្រាលកៅស៊ូមួយ ដែលមានបណ្តោយប្រវែង ១.៣១០ម៉ែត្រ និងទទឹងប្រវែង១៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ដាក់ឈ្មោះបិតាជាតិ របស់បង់ក្លាដេស។ ផ្លូវទាំងពីរនេះ គ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២០ ខាងមុខ”។

ចំណែកប្រធានរដ្ឋសភា បង់ក្លាដេស បានឲ្យដឹងថា ផ្លូវឈ្មោះ ព្រះបរមនាម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅតំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដេស គ្រោងនឹងសម្ពោធ នាឆ្នាំ២០២០ ទន្ទឹមនឹងការប្រារព្ធខួបលើកទី១០០ឆ្នាំ នៃបិតាជាតិរបស់បង់ក្លាដេស៕ ដោយ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top