នយោបាយ

អ្នកនាំពាក្យបក្សកាន់អំណាច ៖ ករណី កឹម សុខា មិនមែនជម្លោះនយោបាយ តែជាបទល្មើសជាក់ស្តែង

ភ្នំពេញ ៖ ក្នុងពេលដែលសហមេធាវី របស់លោក កឹម សុខា បានដាក់សំណើរទៅតុលាការ ឲ្យទំលាក់បទចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា ស្រាប់តែលោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ករណីនេះ មិនមែនជាជម្លោះនយោបាយទេ តែជាបទល្មើសជាក់ស្តែង ។

លោក កឹម សុខា ត្រូវបានជាប់ចោទក្បត់ជាតិ ដែលមានជនបរទេសនៅពីក្រោយ ហើយលោកត្រូវបានជាប់ពន្ធនាគារ២ឆ្នាំ ទាំងជាប់នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងជាប់ក្នុងផ្ទះ ហើយត្រូវបានសិទ្ធិដើរហើរក្នុងប្រទេស និងបិទការស៊ើបសួរនាអំឡុងបុណ្យអុំទូក ។

លោក សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមតេឡេក្រាម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងថា “ករណី កឹម សុខា មិនមែនជាជម្លោះនយោបាយទេ ប៉ុន្តែជាបទល្មើសច្បាប់ជាក់ស្តែង ដែលសាម៉ីជនបាននិយាយផ្ទាល់មាត់ គ្មានជនណាមានសិទ្ធិ កែជំនួសសាម៉ីខ្លួនគេបានជាដាច់ខាត” ។

សហមេធាវីលោក កឹម សុខា កាលពីថ្ងៃ១៨ វិច្ឆិកា បានដាក់សំណើទៅលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យទម្លាក់បទចោទសន្ទិដ្ឋិភាព ចេញពីលោក កឹម សុខា ដើម្បីឲ្យលោក មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ។

សហមេធាវី បានលើកឡើងពីអង្គហេតុផង និងអង្គច្បាប់ដើម្បីបញ្ជាក់ថា លោក កឹម សុខា ជាកូនក្តី មិនបានប្រព្រឹត្តបទល្មើសនោះទេ បើដោះលែងលោក កឹម សុខា គឺនាំឲ្យមានផលប្រយោជន៍ សម្រាប់ប្រទេសជាតិ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រថ្មីៗ។

ចំពោះករណីនេះ លោក សុខ ឥសាន បានតបថា តុលាការធ្វើតាមនីតិវិធីច្បាប់ មិនមែនអនុវត្ត តាមបញ្ជានរណាម្នាក់ឡើយ ។

ចំពោះ លោក សម រង្ស៊ីវិញ ដែលលោក សុខ ឥសាន ហៅមេឧទ្ទាមក្រៅច្បាប់នោះ គឺលោកថា ធ្វើនយោបាយធ្លាក់ ទៅក្នុងអន្លង់អត្តឃាដខ្លួនឯង គ្មានអ្នកណាផាត់ចេញ ពីឆាកនយោបាយទេ គឺខ្លួនឯង៕

To Top
×