ព័ត៌មានជាតិ

មេសហជីពរកឃើញថា ម្ចាស់ផ្ទះជួលមួយចំនួន នៅតែបន្តលក់ភ្លើងនិងទឹកឲ្យកម្មករ ក្នុងតម្លៃថ្លៃខុសពីរដ្ឋបានកំណត់ (វីដែអូ)

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានរកឃើញថា ម្ចាស់ផ្ទះជួលមួយចំនួន នៅតែបន្តលក់ភ្លើងនិងទឹក ឲ្យកម្មករក្នុងតម្លៃថ្លៃខុសពីតម្លៃ ដែលរដ្ឋបានកំណត់។ បន្ថែមពីលើនេះលោក ប៉ាវ ស៊ីណា ស្នើឲ្យមន្រ្តីអគ្គីសនី និង រដ្ឋាករទឹ រួមទាំងអាជ្ញាធរ ចុះពិនិត្យមើលករណីនេះជាបន្ទាន់ និងដោះស្រាយជូនកម្មករ នៅម្តុំវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យផង ។

លោក ប៉ាវ ស៊ីណា បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ វិច្ឆិកានេះថា” ខ្ញុំបាន ទទួលព័ត៌មានពីបងប្អូនកម្មករ នៅម្តុំវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ច្រកចូលតាមហ្គារាស់សាំង ពួកគាត់បានប្រាប់ថា ម្ចាស់ផ្ទះជួល បានលក់ភ្លើងនិងទឹក អោយពួកគាត់ ក្នុងតម្លៃ ដូចខាងក្រោម ៖ ១- ទឹក ក្នុង១គីប ២០០០៛, ២- ភ្លើង ក្នុង១ គីឡូវ៉ាត់ ១៥០០៛ ក្នុង១ខែ ភ្លើងប្រើអស់ ៣០-៤០គីឡូវ៉ាត់ រីឯ ទឹក ក្នុង១ខែ ប្រើអស់ ១៥ – ២០ គីប មួយខែ ។

លោក ប៉ាវ ស៊ីណាបញ្ជាក់ថា “ខ្ញុំស្នើអោយ មន្រ្តី អគ្គីសនី និង រដ្ឋករទឹក រួមទាំងអាជ្ញាធរ ចុះពិនិត្យមើលករណីនេះផង ព្រោះការលក់ភ្លើងនិងទឹក ពីសំណាក់ម្ចាស់ផ្ទះជួល ទៅអោយកម្មករ គឺអនុវត្តខុសពីគោលការណ៍ ដែលរដ្ឋបានកំណត់ ។ ខ្ញុំសង្ឃឹមថា មន្រ្តីជំនាញនិងចុះស្រាវជ្រាវ ហើយដោះស្រាយបញ្ហានេះ ជូនបងប្អូនកម្មករ “៕

To Top