ព័ត៌មានជាតិ

ប.ស.ស បន្តរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពីការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នៅពេលឆាប់ៗខាងមុខនេះ

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូល សមរម្យចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ ចិញ្ចឹមគ្នាទៅវិញទៅមកដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារ កាន់តែមានការកើនឡើង។

ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី នេះ រួមមាន ១១ជំពូក និង ១០៧មាត្រា ដែលបានប្បញ្ញត្តិអំពីតួនាទីភារកិច្ច ច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. និងក្រុមប្រឹក្សាធនាភិបាលដែលជាអង្គភាព វិនិយោគមូលនិធិសន្តិសុខសង្គម នៅកម្ពុជា និងជាពិសេស គោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គមដោយរួមមាន របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។

លោក ប៉ែន នរៈវុធ នាយករង ប.ស.ស. សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ គ្នាអស់រយៈពេលពេញមួយព្រឹកនេះ សិក្ខាកាមទាំងអស់ នឹងចូលរួមចំណែក យ៉ាងសកម្ម ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗ ជាច្រើនបន្ថែមទៀត ដើម្បីឱ្យការអនុវត្តរបបប្រាក់សោធន សម្រាប់វិស័យឯកជន នៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះ យោបល់ខាងលើ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ប៉ែន នរៈវុធ នាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមពីសហព័ន្ធនិយោជក, សហព័ន្ធសហជីពកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងស្ថាប័ន-អង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជា ៨០នាក់ ៕

To Top