នយោបាយ

លោកកឹមសុខា៖ ខ្ញុំបានបូជា ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កម្លាំងកាយចិត្តលើកកំពស់ សិទ្ធិមនុស្សនិង លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ លើកទី៧១(១០ធ្នូ១៩៤៨_១០ធ្នូ២០១៩) លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកបានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កម្លាំងកាយនិងចិត្តដើម្បីលើកកំពស់ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក កឹម សុខា បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកថា «ការពារសិទ្ធិមនុស្ស គឺថែរក្សាសន្តិភាព»។

លោកបកស្រាយបន្ថែមថា ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើរបម្រះ ហើយអាចនាំមកនូវអស្ថេរភាពសង្គម​ដែលជាកត្តានាំឲ្យ ប៉ះពល់ដល់សន្តិភាព។ដូចមានខ្លឹមសារ នៅក្នុងបុព្វកថា នៃសេចក្តីប្រកាស ជាសកលរបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញខ្មែរ យើងទទួលស្គាល់ បានបញ្ជាក់ថាការការពារសិទ្ធិមនុស្ស គឺជាការចាំបាច់ ដើម្បីចៀសវាងកុំឲ្យ មនុស្សត្រូវបង្ខំចិត្ត ជ្រើសរើសយក ការប្រឆាំងនឹងការគៀបសង្កត់ រំលោភបំពានណាមួយ ដោយពឹងផ្អែកលើ ការរើបម្រះបះបោរ។

លោកគូសបញ្ជាក់ថា ត្រង់ចំណុចនេះ មានមនុស្សមួយចំនួនយល់ច្រឡំថា ដើម្បីរក្សាសន្តិភាព សង្គមមួយត្រូវបិទឬកាត់បន្ថយសិទ្ធិរបស់ប្រជាពលរដ្ឋ។

លោកសង្កត់ធ្ងន់ថា “ដោយយល់និងឲ្យតម្លៃខ្ពស់បំផុត លើសិទ្ធិមនុស្ស ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាពនិងការ អភិវឌ្ឍនោះហើយ ទើបជាងពីរទសវត្សន៍មកនេះ ខ្ញុំបានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កម្លាំងកាយនិងចិត្ត ក្នុងការលើកកំពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។សង្គមមួយ មានស្ថេរភាពទៅបានលុះត្រា តែមនុស្សគ្រប់រូប ក្នុងសង្គមនោះទទួលបាន នូវយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាព និងមិនត្រូវបានគេរំលោភបំពាន។”

លោកបន្តថា សិទ្ធិមនុស្សគឺជាមរតក របស់មនុស្សជាតិ វាមិនមែនជា របស់ជាតិសាសន៍ ណាមួយផ្តាច់មុខឡើយ។ការចូលរួមលើកកំពស់ និងការពារសិទ្ធិមនុស្ស មិនមែនជា ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងនេះទេ។ ហើយយើងក៏មិនត្រូវ ប្រមាថភាពជាមនុស្ស របស់ខ្មែរ ដោយលើកឡើងថា សិទ្ធិមនុស្សគឺជាគំនិត បរទេសនោះដែរ។ក្នុងនាមជាមនុស្ស ខ្មែរត្រូវការសិទ្ធិសេរីភាព។ នេះជាច្បាប់ធម្មជាតិ៕

To Top