ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ពិព័រណ៍ផលិតផលខែ្មរបង្កើនប្រាក់ចំណូល និងទប់ស្កាត់ការធ្វើចំណាក់ស្រុក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព បើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល កម្ពុជាលើកទី១៤ ឆ្នាំ២០១៩នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍នេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវា បង្កើតការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក ។

សម្តេចតេជោបន្តថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏បានជួយ រួមចំណែកកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាផងដែរ។

លើសពីនេះទៀត សម្តេចតេជោ បានកត់សម្គាល់ឃើញថា “តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជា ពិព័រណ៍ពិភព លោក ពិព័រណ៍អន្តរជាតិ និងពិព័រណ៍ចិន-អាស៊ានជាដើមបានធ្វើឲ្យកម្ពុជាមានកិត្តិយស ស្មើមុខស្មើមាត់ លើឆាក អន្តរជាតិ និងជាឱកាសដ៏ល្អ សម្រាប់កម្ពុជាផ្សព្វផ្សាយ អំពីផលិតផលសក្តានុពល របស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត ជា ពិសេស បានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត”។

សម្តេចតេជោមាន ប្រសាសន៍បន្តថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា និងការរក្សាបាននូវសន្តិភាព និងសន្តិសុខ សង្គមទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មាន សម្រាប់ការកែទម្រង់ ទូលំទូលាយមួយ ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលជាឱកាសធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើនក្នុងកំណើនជាមធ្យម ៧.៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ។

ដើម្បីជំរុញឲ្យវិស័យទាំងបួន ខាងលើកាន់តែមានការរីក ចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្ន ពីប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតទាប ឲ្យទៅជាប្រទេស លមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងសម្រេចបានគោល ដៅជាប្រទេស ដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។

នាយករដ្ឋមន្រ្តី បន្ថែមថា វិស័យពាណិជ្ជកម្មកម្ពុជាបានរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើន សេដ្ឋកិច្ច។ ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនទ្បើងជាលំដាប់។ ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ គប្បីចូលរួមនិងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនេះ ដើម្បីទទួលបានជោគជ័យថ្មីៗ ថែមទៀតលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។

បើតាមរបាយការណ៍ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជ កម្ម ពិព័រណ៍ផលិតផលខ្មែរនេះ ត្រូវបាន រៀបចំឡើងដោយមានការគាំទ្រ និងការចូលរួម យ៉ាងសកម្មពីប្រទេស ជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ពិព័រណ៍នេះមានស្ដង់សរុបចំនួន ៣៧២ស្ដង់ ដោយមានទំនិញ និងសេវាជាច្រើន ប្រភេទផងដែរ៕

To Top