ព័ត៌មានជាតិ

សាហាវបំផុត មុ​នឆ្លងឆ្នាំថ្មី! គ្រោះថ្នាក់ចរាចរណ៍ ឆក់យកជីវិតមនុស្ស ជាក្រុម៨នាក់ ស្រ្តីពោះធំ២នាក់ និងរបួស៩នាក់

ភ្នំពេញ៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ ២៧ -២៨ ស្ថិតនៅចំណុច ភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១១និង៤២នាទី នាថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជិតឆ្លងឆ្នាំសកល ២០២០ ក្នុងនោះមានមនុស្សស្លា​ប់ ៨នាក់ និងរបួសធ្ងន់ ៩នាក់ ។

បើតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តទេសចរណ៍ ប្រភេទសាំយ៉ុង ស្លាកលេខភ្នំពេញ 2AF-2506 អ្នកបើកបរស្លាប់ ដោយរថយន្ដបើកបរ ពីទិសខាងជើងទៅត្បូង រួចបានរេចង្កូត ចូលគន្លងផ្លូវ ផ្នែកខាងឆ្វេងដៃ នៃរថយន្តដឹកស៊ីម៉ង់ ម៉ាក HINO ពាក់ស្លាកលេខភ្នំពេញ 3A-5849 ធ្វើដំណើរ ពីទិសខាងត្បូង ទៅខាងជើង អ្នកបើកបរគេចខ្លួន ។

ក្នុងហេតុការណ៍នោះដែរ បណ្តាលឲ្យរងរបួសធ្ងន់ ៩នាក់ ស្រី១នាក់ របួសស្រាល ១នាក់ ស្លាប់បាត់អាយុជីវិត មនុស្ស ៨នាក់ ស្រី៥នាក់ (អ្នកពោះធំ២នាក់) ។

តាមការបញ្ជាក់ ឲដឹងពីលោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសី មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្ដាលមកពីអ្នក បើករថយន្ដសាំយ៉ុង ធ្វេសប្រហែសបានរេចង្កូត ចូលទៅផ្នែកខាងឆ្វេងដៃ ទៅរកគន្លងផ្លូវ នៃផ្នែកខាងឆ្វេងរថយន្ដដឹកស៊ីម៉ង់ កំពុងបើកបញ្រ្ចាសទិសគ្នា បណ្តាលអោយ បុកពេញទំហឹងតែម្ដង។

អ្នករងគ្រោះ ត្រូវបានកម្លាំងនគរបាល ជួយសម្រួលយកចេញ ពីក្នុងរថយន្ ដបញ្ជូនសង្រ្គោះ ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកគងពិសី មន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងទៅរាជធានីភ្នំពេញ។

មកដល់ម៉ោង២ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសារសព បានមកទទួល យកទៅធ្វើបុណ្យ តាមគន្លងប្រពៃណី នៅគេហដ្ឋានរៀងៗខ្លួន៕

To Top