ភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំថ្មី លោក សម រង្ស៊ី បានផ្ញើសារជូនពរ ចំពោះប្រជារាស្ត្រខ្មែរ ទាំងនៅក្នុង និងនៅក្រៅប្រទេស។
ក្នុងនោះលោកថា ឆ្នាំ២០២០ គឺជាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ហើយបានផ្លាស់ប្តូរពីអ្វី ដែលអាក្រក់ មកអ្វីដែលល្អប្រសើរ ជាងពេលមុន។
លោកបានប្រសិទ្ធពរឲ្យកម្ពុជា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ភាគច្រើនលើសលប់ ប្រាថ្នាចង់បាន គឺការគោរពឆន្ទៈ របស់ប្រជារាស្ត្រ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ហើយចង់រស់នៅក្រោម របបប្រជាធិបតេយ្យ ដ៏ពិតប្រាកដ។
មានចំណុចដ៏សំខាន់មួយចំនួន ដែលប្រាថ្នា ចង់ឃើញក្នុងឆ្នាំថ្មីនេះ ៖
១- សូមឲ្យប្រទេសកម្ពុជា រក្សាបាននូវប្រព័ន្ធ អនុគ្រោះពន្ធ EBA ដើម្បីរក្សាទីផ្សារនៅទ្វីបអឺរ៉ុប និងរក្សាការងារ និងប្រាក់ឈ្នួល សម្រាប់កម្មករ កម្មការិនី រាប់សែននាក់។
២- សូមឲ្យជនរងគ្រោះ ដោយអំពើអយុត្តិធម៌ គ្រប់បែបយ៉ាងទាំងអស់ ពីអតីតកាល ទទួលបាននូវយុត្តិធម៌ ត្រឹមត្រូវ ក្នុងអំឡុងឆ្នាំថ្មីនេះ។
៣- សូមឲ្យយុវជន យុវតីចាប់ផ្តើម ឃើញពន្លឺសេរីភាព ប្រកបដោយយុត្តិធម៌ និងបញ្ញាញាណ ដែលនឹងនាំផ្លូវឲ្យយុជន យុវតីទាំងនោះ ធ្វើដំណើរឆ្ពោះទៅរកអនាគត ដ៏ភ្លឺថ្លារុងរឿង ដូចយុវជន យុវតី ក្នុងអរិយប្រទេស លើពិភពលោក ដែលថ្នាក់ដឹកនាំគេ មានលក្ខណៈសម្បត្តិត្រឹមត្រូវ។
៤- សូមឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា សព្វថ្ងៃ ចេះភ្ញាក់ខ្លួន និងចេះកែខ្លួន បើអាចធ្វើទៅបាន ហើយសូមឲ្យមានឆន្ទៈកែលម្អនយោបាយ ដ៏អាក្រក់របស់ខ្លួន ជាពិសេស សូមឲ្យចេះគោរពសិទ្ធិមនុស្ស និងគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ដើម្បីបញ្ចៀសការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដូចមានចែងក្នុងចំណុចទី១ ខាងលើ៕
