ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ចំពោះអ្នករិះគន់ ដល់អ្នកបង្កើតគណបក្សនយោបាយថ្មីថា ជាអាយ៉ង និងជាអ្នក ទប់ជើងគ្រែគណបក្សកាន់អំណាចនោះ គឺជាអ្នក រំលោភសិទ្ធិនយោបាយអ្នកដទៃ។ ទោះបីជាមិនសំដៅចំឈ្មោះបុគ្គលណាក៏ដោយ តែគ្មានអ្នកណាក្រៅពីអតីតបក្សប្រឆាំងដែរ ។
លោក សុខ ឥសាន តានរយៈបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ថា ការបង្កើតគណបក្សនយោបាយ គឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋ ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ។
លោកថា គណបក្សប្រជាជនកម្ពុជាគាំទ្រ និងលើកទឹកចិត្ត ការអនុវត្តសិទ្ធិនយោបាយ របស់ពលរដ្ឋនិងត្រៀមខ្លួន ដើម្បីប្រកួតប្រជែង ក្នុងទីលានប្រជាធិបតេយ្យកម្ពុជា នាពេលខាងមុខ ។
លោកបញ្ជាក់ថា “ចំពោះអ្នកដែលលាបពណ៌ អ្នកដែលបង្កើតបក្សនយោបាយថា ជាអាយ៉ង ឬថាបង្កើតបក្ស គ្រាន់តែទប់ជើងគ្រែឲ្យ CPP គឺជាអ្នករំលោភសិទ្ធិនយោបាយ របស់អ្នកដទៃ និងជាអ្នកលាបពណ៌គេ ” ។
កាលពីថ្ងៃ២ មករា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាផ្លូវការ ទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សនយោបាយថ្មី ដែលមានឈ្មោះថា គណបក្សខ្មែរស្រឡាញ់ជាតិ។ អតីតមន្រ្តីទាំងនោះអះអាងថា បង្កើតបក្សនេះឡើង ដោយសារឃើញ ស្ថានភាពនយោបាយបច្ចុប្បន្នដំណើរការមិនល្អ ហើយចង់សម្របសម្រួល៕