នយោបាយ

UN នឹងត្រៀមខ្លួន ជួយកម្ពុជា ឲ្យមានការអភិវឌ្ឍ ជាមួយតំបន់ អាស៊ាន និងតំបន់ដទៃទៀត

ភ្នំពេញ ៖ លោក Jeffrey D. Sachs ទីប្រឹក្សាពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានសន្យាថា នឹងត្រៀមខ្លួនជានិច្ច ដើម្បីជួយកម្ពុជា ជំរុញដល់ការអភិវឌ្ឍ ជាមួយតំបន់អាស៊ាន និងតំបន់ដទៃទៀត ប្រកបដោយចីរភាព ។

នេះការលើកឡើងរបស់លោក នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

លោកទីប្រឹក្សាពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងបន្តថា លោកនឹងទៅធ្វើទស្សនកិច្ចជួបថ្នាក់ដឹកនាំ សហគមន៍អឺរ៉ុប នៅសប្តាហ៍បន្ទាប់ ហើយនឹងជម្រុញ លើកស្ទួយកិច្ច សហប្រតិបតិ្តការរវាងសហគមន៍ អឺរុប-អាស៊ាន ដែលនឹងសង្កត់ធ្ងន់ពីសារៈសំខាន់ របស់កិច្ចសហប្រតិបតិ្តការ រវាងតំបន់និងតំបន់នេះ។

លោកមានប្រសាសន៍ផងដែរថា ពុំចង់ឃើញមានការបែកបាក់គ្នា រវាងតំបន់និងតំបន់ទេ។ ផ្ទុយមកវិញ គឺចង់ឆ្លុះបញ្ចាំងពីភាពខ្លាំងនិង សារៈសំខាន់នូវកិច្ចសហប្រតិបត្តិការ រវាងតំបន់និងតំបន់ទៅវិញ។

លោកថា សក្តានុពលខ្ពស់បើបូកបញ្ចូល ទាំងអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាន នឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាទាំងនេះ អាចយកមកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ។

ចំណែកសម្តេចតេជោ បានថ្លែងអំណរគុណ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថា ការអភិវឌ្ឍទាំងឡាយណា ដែលមាននៅកម្ពុជានោះគឺ សុទ្ធសឹងតែជាការខិតខំប្រឹងប្រែង របស់ប្រជាពលរដ្ឋកម្ពុជា និងសហការី របស់សម្ដេចដែលនាំកម្ពុជា ទៅការអភិវឌ្ឍដល់ចំណុចនេះ ៕

To Top