ព័ត៌មានជាតិ

សម្តេចតេជោកត់សម្គាល់ ៣ចំណុចក្រោយ នាវាយក្សអាមេរិកចូលចតនៅ ផែព្រះសីហនុ

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកត់សម្គាល់ឃើញ៣ចំណុចសំខាន់ៗ។

៣ចំណុចរួមមាន៖ ទី១) សម្ដេចតេជោបានថ្លែងអំណរគុណក្រុមហ៊ុនដែលបានគិតដល់កម្ពុជា ពាក់ព័ន្ធនឹងការងារ មនុស្សធម៌នៅពេលដែលការងារមនុស្សធម៌ត្រូវការចាំបាច់បំផុតនោះ គឺក្រុមហ៊ុនបានមកដល់កម្ពុជាដើម្បីអនុញ្ញាតឲ្យកម្ពុជាទទួលធ្វើការងារមនុស្សធម៌បម្រើដល់មនុស្សជាតិ។ 

ទី២)សម្ដេចតេជោបានធ្វើការកត់ សម្គាល់ថាអ្វីដែលក្រុមហ៊ុនបានធ្វើនោះពិតជាការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកដំណើរនៅក្នុងនាវានោះ។   

និងទី៣) ដែលជាកត្តាសំខាន់នោះ គឺទាំងអ្នកធ្វើដំណើរ ទាំងអ្នកគ្រប់គ្រង និងអ្នកបើកបរកនាវា រួមទាំងអាជ្ញាធរដែនដី បានសហការគ្នាល្អធ្វើយ៉ាងណាបានជួយដល់អ្នកធ្វើដំណើរតាមនាវានេះ ហើយនៅក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃទៀតពួកគាត់នឹងបានវិលត្រឡប់ទៅកាន់ប្រទេសគាត់វិញ។

ក្នុងជំនួបនោះ លោក Orlando Ashford បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរកម្ពុជាចំពោះសណ្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសទៀតនោះអនុញ្ញាតឲ្យកប៉ាល់ចុះចតនៅ ខេត្តព្រះសីហនុ៕

To Top