ភ្នំពេញ៖លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៤កុម្ភៈនេះថា
ឈ្មួញបន្តទិញស្វាយពីកសិករនៅតាមចំការក្នុងតម្លៃចន្លោះពី៤០០រៀលទៅ៥៥០រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃមួយថោកបំផុតខណៈរោងចក្រនៅវៀតណាមទិញចូលផ្លែស្វាយក្នុងតម្លៃចន្លោះពី១២០០រៀល ទៅ១៤០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ធ្វើការកែច្នៃ។
លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា “តម្លៃផ្លែស្វាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០រោងចក្រនៅវៀតណាម ទិញផ្លែស្វាយចូលរោងចក្រ១,២០០រៀល ទៅ១,៤០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ធ្វើការកែច្នៃ។ ចំណែករោងចក្រនៅកម្ពុជាទិញផ្លែស្វាយចូលរោងចក្រដើម្បីធ្វើកែច្នៃ ៦៥០រៀលទៅ ៧៥០រៀលក្នុងមួយគីឡូក្រាម។ចំណែកតម្លៃផ្លែស្វាយតាមចំការនៅកម្ពុជា ៤០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម”។
លោក អ៊ិន ឆៃវ៉ាន ឲ្យដឹងទៀតថា ប្រសិនបើតម្លៃស្វាយខៀវ ក្នុងចំការលក់បាន មួយគីឡូក្រាម ចន្លោះពី៨០០រៀលទៅ១០០០រៀល ទើបប្រជាកសិករពុំសូវខាតបង់ក្នុងករណីដែលគាត់អាចធ្វើបានផ្លែ ២ដង ក្នុងមួយឆ្នាំយ៉ាងតិច ៕