ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្នុងវេទិកាសាធារណៈមន្ដ្រីត្រូវស្ដាប់ទុក្ខ លំបាកពលរដ្ឋ មិនមែនទៅប្រដៅពលរដ្ឋឡើយ

ភ្នំពេញ ៖ ថ្លែងចំពោះមុខ ប្រជាពលរដ្ឋរាប់រយនាក់ ក្នុងខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើទៅមន្ដ្រីចុះមូលដ្ឋាន ទាំងអស់ថា នៅពេលបើកវេទិកាសាធារណៈ ត្រូវស្ដាប់ទុក្ខលំបាក របស់ពលរដ្ឋ មិនមែនទៅប្រដៅពួកគាត់ឡើយ ពីព្រោះពួកគាត់ជាចៅហ្វាយនាយ ដល់មានសារៈសំខាន់បំផុត ។

ក្នុងពិធី បញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តស្នាយសរ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា សេវាបម្រើពលរដ្ឋ មានន័យថា ត្រូវដឹងសុខទុក្ខពលរដ្ឋនៅនឹងកន្លែង ព្រមទាំង ទទួលយកសំណើ របស់ពលរដ្ឋគ្រប់ពេលវេលា។

សម្ដេចបន្ដថា សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែឲ្យមន្ដ្រី គ្រប់ជាន់ថ្នាក់ ត្រូវចុះទៅមូលដ្ឋាន ដើម្បីដឹងសុខទុក របស់ពួកគាត់ ។ ឆ្លើយតបបញ្ហាទាំងនេះ ទើបក្រសួងបង្កើត ក្រុមការងារ ចុះជួយមូលដ្ឋាន ធ្វើយ៉ាងណាលើកទឹកចិត្ត ពលរដ្ឋ ឲ្យចូលរួមវេទិកាសាសាធារណៈ ។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំមានភារៈកិច្ចឲ្យអស់លោក ចុះទៅតាមឃុំ ចុះទៅតាមស្រុកទាំងអស់ ទូទាំងប្រទេស ឥឡូវត្រូវរៀបចំជួបជាមួយប្រជាជន ប្រជុំជាមួយប្រជាជន ដែលពាក្យភាសារនេះ ជាវេទិកាសាធារណៈ នឹងប្រែឲ្យចំជួបជាមួយប្រជាជន ជួបជាមួយប្រជាជន មិនមែនប្រដៅប្រជាជនទេ ទៅអង្គុយស្ដាប់ប្រជាជន ឲ្យគាត់ប្រដៅយើងវិញ គាត់ឲ្យយោបល់ថា លោកឯងធ្វើនេះខុស រដ្ឋបាលធ្វើនេះមិនទាន់ល្អទេ សូមជួយកែលម្អឡើងវិញ» ។

សម្ដេចបន្ដថា មន្ដ្រីទៅចុះមូលដ្ឋានទាំងអស់ ត្រូវរៀនសូត្រពីពលរដ្ឋ កុំទៅធ្វើជាចៅហ្វាយនាយ ពួកគាត់ បើមានបញ្ហាអ្វី? ត្រូវដោះស្រាយភ្លាមៗ។

សម្ដេចបន្ថែមថា «យើងត្រូវទទួលពាក្យយោបល់ពាក្យទាំងឡាយ ពីពួកគាត់ ប្រជាជនចេះជាងយើង យើងមិនចេះដល់ប្រជាជន ត្រូវតាំងខ្លួនអីចឹង ។ កាលណាយើងតាំងខ្លួន ជាចៅហ្វាយនាយ ប្រជាជនហើយ អាហ្នឹង អ្នកនឹងខុសហើយ តាំងខ្លួនជាអ្នក ដែលរៀនសូត្រពីប្រជាជន កូនសិស្សប្រជាជន» ។

បន្ថែមពីនេះ រដ្ឋមន្ដ្រីមហាផ្ទៃ បានផ្ដាំផ្ញើថា មន្ដ្រីចុះទៅមូលដ្ឋានទាំងអស់ ត្រូវចៀសវាងដាច់ខាត មិនត្រូវយកទោសពលរដ្ឋ ដែលមិនស្របគំនិតខ្លួនឯង ឬប្រឆាំងខ្លួនឡើយ។សម្ដេចថា ត្រូវចាត់ទុកពលរដ្ឋជាចៅហ្វាយនាយ ហើយបន្ដបើកវេទិកាសាធារណៈផងដែរ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ថា ថ្នាក់ខេត្ត-ស្រុក-ឃុំ ត្រូវមានគោលការណ៍ចុះមូលដ្ឋាន ដើម្បីជួយដោះស្រាយ ពលរដ្ឋ មិនមែនឲ្យមានទុកលំបាកថែមទៀតឡើយ។
សម្ដេចថា តួនាទីកាន់តែខ្ពស់ កាន់តែពិបាក កាន់តែមមាញឹកក្នុងកិច្ចការបម្រើពលរដ្ឋ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ចំពោះបញ្ហាធាតុអាកាស មានការប្រែប្រួលយ៉ាងលឿន ដូច្នេះភាគីពាក់ព័ន្ធ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចុះជួយពលរដ្ឋឲ្យបាន ទាន់ពេលវេលា និងឆាប់រហ័ស ជាពិសេស ពលរដ្ឋត្រូវប្រើប្រាស់ទឹក ដោយសន្សំសំចៃខ្ពស់ ៕ ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×