ព័ត៌មានជាតិ

លេងកាំភ្លើងខ្យល់ រៀលកៃបង្កអោយ មិត្តភក្តិស្លាប់

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ ក្បាលត្រាច ឃាត់ខ្លួនរួចបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលស្រុកក្រគរ តាមបញ្ជា របស់ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២០ ក្នុងករណីរៀលកៃកាំភ្លើង ខ្យល់បណ្តាលអោយមនុស្សម្នាក់ ស្លាប់ក្នុងវង់ផឹកស៊ី ជាមួយគ្នាកាលពីវេលាម៉ោង១៨៖៤៥នាទីយប់ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២០ ស្ថិតនៅចំនុចស្រះចិញ្ចឹមត្រី របស់ឈ្មោះពយក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នាយប៉ុស្តិ៍នគរបាល រដ្ឋបាលក្បាលត្រាច បានអោយដឹងថា មុនកើតហេតុជនសង្ស័យឈ្មោះ ហម ចាន់ថូ ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិរស្សី ឃុំក្បាលត្រាច បានមកផឹកស៊ី ជាមួយនិងជនរងគ្រោះដែលមានគ្នីគ្នាប្រមាណ៤ទៅ៥នាក់ លុះផឹកជាមួយគ្នាយ៉ាងសប្បាយ ក៍ឃើញសត្វកុកហើរមកក្បែរកន្លែងផឹកស៊ី ពេលនោះជនសង្ស័យក៍ទាញកាំភ្លើងស្នប់ បំរុងបាញ់សត្វក៍រៀលកៃ ត្រូវក្បាលជនរងគ្រោះឈ្មោះវណ្ណ វាសនា ភេទប្រុស អាយុ ២៤ ឆ្នាំ ដែលកំពុងផឹកស៊ី ក្នុងវង់ជាមួយគ្នា បណ្តាលអោយរងរបួសជាទម្ងន់តែម្តង ហើយត្រូវបានមិត្តភក្ត្រ និងក្រុមគ្រួសារបញ្ជូន ទៅកាន់មន្ទីពេទ្យខេត្ត ភ្លាមៗតែដោយសារសភាព របួសធ្ងន់ធ្ងរក្រុមគ្រួសារ ក៍បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ប៉ុន្តែលុះត្រឡប់មកវិញ ក៍បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង ។

រហូតមកទល់ពេលនេះ ជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ។ ចំណែកសាកសព ត្រូវបានប្រគល់ អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។

To Top