ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ចាប់ពីថ្ងៃទី១ ឧសភា តទៅ សមត្ថកិច្ច នឹងពិន័យ ៣ ទៅ៥ ដង ចំពោះពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា កម្លាំង នគរបាល នឹងចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ ដែលប្រាក់ពិន័យ បានដំឡើង ៣ទៅ ៥ដង។

ក្នុងសេចក្ដីជូនដំណឹងរបស់ គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ សម្ដេច ស ខេង បានសម្ដែងការកោតសើរ ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានរួមយ៉ា ងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។ ទោះយ៉ាងនេះក្ដី សម្ដេច​ស​ខេង​កត់សម្គាល់ឃើញគ្រោះ ថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើនគួរឲ្យព្រួយបារម្ភ ធ្វើឲ្យប៉ះពាល់ ដល់ជីវភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា  «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវឲ្យបានជ្រាបថា ចាប់ពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង»។

បន្ថែមពីនេះទៀត ប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  អំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក៏រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×