ព័ត៌មានជាតិ

ក្រសួងអប់រំ​ បើកឲ្យប្រើប្រាស់ជាផ្លូវការ​ នៃការបង្រៀនថ្នាក់​អនឡាញ​ តាមរយៈគម្រោង JICA

ភ្នំពេញ​ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបង្រៀនថ្នាក់  Think! Think!  ដើម្បីផ្ដល់ឱកាសសិក្សាដល់កុមារតាមប្រព័ន្ធអេឡិចត្រូនិក លើកកម្ពស់ការគិត បង្កើន IQ និងសមត្ថភាពគណិតវិទ្យារបស់កុមារ។

យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​ ក្រសួង​អប់រំ​ នៅ​ថ្ងៃទី​២២​ ខែមេសា​ ឆ្នាំ​២០២០​ ថា​ Think! Think! ជាកម្មវិធីសិក្សាដ៏ល្អ ជួយបង្កើន IQ ជំនួយដល់ការគិតបានស៊ីជម្រៅ និងបំណិនផ្នែកសង្គមរបស់កុមារ។ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ កុមារអាចរីករាយក្នុងការសិក្សាកម្មវិធីនេះ ដោយខ្លួនឯងជាមួយសមាជិកគ្រួសារ នៅតាមផ្ទះ។ 

សូមជម្រាបថា កម្មវិធីសិក្សា Think! Think! បាន និងកំពុងត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក Moeys Cambodia និង Krou Cambodia របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានរយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍ មានថ្ងៃចន្ទ ពុធ និងសុក្រ វេលាម៉ោង៥:០០-៥:៣០ល្ងាច ដោយកម្មវិធីបង្រៀនមានជាល្បែងល្បងប្រាជ្ញាថ្មីៗប្រមាណ១៥០០០ប្រភេទ។ 

ជាងនេះទៅទៀតនោះ ដើម្បីជួយដល់កុមារដែលមិនមានអ៊ីនធឺណិតនៅតាមផ្ទះ កម្មវិធីសិក្សា Think! Think! គ្រោងនឹងចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍តេជោធីវី ក្នុងពេលឆាប់ៗខាងមុខ៕ ដោយ​ ៖​ អេង​ ប៊ូឆេង​

To Top
×