ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអបអរសាទរ និងជូនពរ ដល់សាសនិកឥស្លាម ដែលបានបញ្ចប់ ពិធីអំណត់បួសខែរ៉ម៉ាឌន ដោយជោគជ័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេសរួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ​ និង អារម្មណ៍ជ្រះថ្លា។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ឧសភានេះថា”ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរដែលបានបញ្ចប់នូវ ពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ​ និង អារម្មណ៍ជ្រះថ្លា​ ហេីយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កេីត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២០ “។

សម្ដេចតេជោ បានសរសេរបន្ថែមថា” ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្ស ប្រជាជនកម្ពុជា តាំងពីដើម តរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល ។ ខ្ញុំក៏សូមអំពាវនាវ​ឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បេីយ​អស់​ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ ។ 

ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់​ ទទួលបាននូវសេចក្កីសុខ​ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល​ ក្ដីមេត្តាករុណា និង អាណិត ស្រឡាញ់​ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះទទួលយកនូវកុសលផលបុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូន បានប្រតិបត្តិកុំបីអាក់ខានឡើយ “៕

To Top