ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន អញ្ជើញបញ្ចុះ បឋមសិលាសាងសង់ សាលារៀនមួយខ្នង នៅស្រុកកំពង់រោទិ៍

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ អញ្ជើញ ចូលរួមធ្វើពិធីបញ្ចុះ បឋមសិលាកសាងសាលារៀន ១ខ្នង នៅសាលាបឋមសិក្សាជប់ព្រីង ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលចំណាយសាងសង់អស់ ថវិការប្រមាណ៦ម៉ឺនដុល្លារ ជាអំណោយរបស់តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសោស តាមរយៈ លោក Pino hsu ជានាយកប្រត្តិបត្តិ។

បើតាមលោកសៅ សាមាន នាយកសាលាបឋមសិក្សាជប់ព្រីង បានឲ្យដឹងថាដោយសារកំណើនសិស្ស នៅក្នុងមូលដ្ឋានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ធ្វើឲ្យមានការខ្វះសាលារៀន តបតាមការអំពាវនាវ របស់លោកនិងមានការគិតគូរ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងនោះ ក៏មានសប្បុរសជន ជួយកសាងសាលារៀន បាន១ខ្នងបន្ថែមទៀត ដោយបានបញ្ចុះបឋម សិលានាថ្ងៃនេះ ។

លោកបានបន្តថា សាលារៀន១ខ្នងនេះ ដែលចាប់ផ្តើមសាងសង់ នាពេលនេះមានបណ្តោយ៣២ម៉ែត្រ និងទទឹង៩ម៉ែត្រស្មើរ និង៤បន្ទប់ជាអំណោយ របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសហ្គីហ្គារីសោស ដែលមានទីតាំងនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងផ្តាំ ស្មើដល់ក្រុមជាង សំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះ បានរឹងមាំស្រប តាមបទគដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់ បានយូរអង្វែង មិនតែប៉ុណ្ណោះសាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗ នៅជនបទបានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាក្លាយខ្លួន ជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ប្រកបដោយចំណេះជំនាញ ពិតប្រាកដ ។ មិនតែប៉ុណ្ណោះត្រូវ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជា ទើបនឹងរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់ទៀត ៕

To Top