ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ស្ពានបេតុងថ្មី អាចស្ថាបនារួច ក្នុងបំណាច់ឆ្នាំ២០២០ បើមិនមានទឹកជំនន់រំខាន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ស្ពានបេតុងថ្មី ព្រែកអាចារ្យសួស អាចនឹងសាងសង់រួចនៅចុងឆ្នាំ២០២០ ប្រសិនបើមិនមានទឹកជំនន់រំខានទេនោះ ។

លោកអភិបាលខេត្ត បានឲ្យដឹងដូច្នេះនៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ ខណ:ពេលដឹកនាំក្រុមការងារ មន្ទីរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់ ស្ពានបេតុងថ្មី នៅព្រែកអាចារ្យសួស ស្ថិតក្នុងភូមិកោះរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ស្ពានបេតុង១កន្លែងនេះ មានទំហំ ៩០x ៨ម៉ែត្រ ប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុម ១៨០ ។

ហើយគម្រោងនេះបានចាប់ផ្ដើម ដំណើរការងារ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ដោយបច្ចុប្បន្នក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ស្ថាបនាស្ពានបេតុងថ្មី ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែទឹកជំនន់ កំពុងហក់ឡើងបណ្ដើរៗមកហើយ។

លោក អភិបាលខេត្ត បានបញ្ជាក់ទៀតថា បើគ្មានការរំខាន ដល់ការឃួងគ្រឹះ ដោយសារទឹកជំនន់នោះទេ គម្រោងនេះគឺ អាចសាងសង់ ក្នុងរយៈពេល តែ៤ទៅ៥ខែ តែប៉ុណ្ណោះ គឺ ត្រូវ រួចរាល់ ជាស្ថាពរ មិនខាន ។

To Top