ព័ត៌មានជាតិ

នារសៀលនេះ ! សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំទ័យទាន ទៅប្រគេន ព្រះសង្ឃ កំពុងគង់ ចូលព្រះវស្សា នៅវត្តចំពុះក្អែក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងនាំទ័យយទានមួយចំនួនទៅប្រគេន ព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សា នៅវត្តចំពុះក្អែក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានសរសេរថា «ខ្ញុំព្រះករុណា និងភរិយាសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចូលព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០»។

សម្ដេចតេជោ អរគុណប្រជាពលរដ្ឋ ដែលបាននាំយកទៀនព្រះវស្សា នឹងទ័យទានចង្ហាន់ ជាច្រើនទៀត ប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្ត នៅតាមតំបន់ឆ្ងាយដាច់ ស្រយាល។

ជាមួយគ្នានេះដែរ សម្ដេចតេជោ អរគុណ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជន ដែលបានចូលរួម ចែករំលែកនូវ អំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រ ដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នៅពេលរសៀលនេះ ខ្ញុំនិងភរិយាគ្រោងនឹង នាំទ័យទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក»។

សម្ដេចតេជោបន្ដថា «ខ្ញុំនិងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាមួយពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា»។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ដអំពាវនាវពលរដ្ឋ បន្តប្រុងប្រយ័ត្នការពារ សុវត្ថិភាព សុខភាពកុំឲ្យឆ្លងជំងឺ កូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាល កូវីដឥ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាត នេះ គឺបានកើនឡើងគួរឲ្យព្រួយបារម្ភខ្លាំងណាស់៕

To Top