ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តកិច្ចប្រជុំលើកទី៦ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធ នឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

កិច្ចប្រជុំនាពេលនេះដឹកនាំដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីសមាជិក ក្រុមការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

នាឱកាសនោះលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ថ្ងៃនេះជាកិច្ចប្រជុំលើកទី៦ ហើយយើងបានជួបពិភាក្សាគ្នា ពិគ្រោះយោបល់លើសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវខកខានមិនបានជួបពិភាក្សាគ្នា អស់រយៈពេល៣ខែ គឺយើងបានជួបគ្នាជាចុងក្រោយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០»។

សូមជម្រាបថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ហើយច្បាប់នេះគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ។

ជាងនេះទៅទៀត ច្បាប់នេះមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងកំណត់ទំនាក់ទំនងរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជា។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិច្បាប់ដោយឡែកដែលចែងផ្សេងពីនេះ៕

To Top