ព័ត៌មានជាតិ

គម្រោងខុនដូប្រណីត AGILE SKY RESIDENCE កំពុងទាក់ទាញ ចំណាប់អារម្មណ៍ ប្រជាជនខ្មែរ

ភ្នំពេញ៖ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ដែលជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅកណ្តាលរាជធានីភ្នំពេញ គម្រោងខុនដូប្រណីត AGILE SKY RESIDENCE
ដែលកំពុងបន្តដំណើរការសាងសង់ យ៉ាងសកម្ម បាន និងកំពុងទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ អតិថិជនជាច្រើន ដែលក្នុងនោះ មានជនជាតិខ្មែរច្រើន ជាងបរទេស។

មានប្រសាសន៍ នៅក្នុងពិធីអបអរសាទរ ចំពោះភាពជោគជ័យរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCEនា រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅទៅស្នាក់ការលក់គម្រោង អ្នកស្រី កែវ សុចិន្តា ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជន ជាច្រើននាក់ទៀតបានមានប្រសាសន៍ប្រាប់ថា “ខ្ញុំបានទិញគម្រោងខុនដូប្រណីតមួយចំនួនចំនួន១យូនីត នៅជាន់ទី៣១ ដែលនឹងអាចមើលឃើញទេសភាព ក្នុងរាជធានីភ្នំពេញបានយ៉ាងច្បាស់នៅពេលស្នាក់នៅ ជាពិសេសទេសភាពនៅពេលយប់”។

អ្នកស្រីបន្តថា “ដំបូងឡើយខ្ញុំមិនមានបំណងទិញខុនដូនោះទេ ដោយសារតែខុនដូនៅកណ្តាលរាជធានីភ្នំពេញភាគច្រើនសុទ្ធតែមានតម្លៃថ្លៃ ប៉ុន្តែវាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះគម្រោងខុនដូប្រណីត AGILE SKY RESIDENCEដែលក្រៅពីស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ទីតាំងល្អ និងលក់ក្នុងតម្លៃសមរម្យ ថែមទាំងផ្តល់នូវលក្ខខណ្ឌក្នុងការបង់ប្រាក់យ៉ាងងាយស្រួល ជាពិសេសប្រាក់កកដំបូង ត្រឹមតែប្រមាណ១០ភាគរយ តែប៉ុណ្ណោះ ក៏អាចក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះ បានដែរ”។

ដោយឡែកលោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service ដែលជាអតិថិជនរបស់គម្រោងខុនដូប្រណីត AGILE SKY RESIDENCEម្នាក់ផងដែរនោះ បានមានប្រសាសន៍ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួូនផងដែរថា “នេះជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នក ដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់ នៅលើទីផ្សារនៃគម្រោងមួយនេះ មានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀត ដែលស្ថិតនៅទីតាំងរួមគ្នា”។

លោកស្រី បានមានប្រសាសន៍បន្តទៀតថា “តាមការសង្កេតឃើញរបស់ខ្ញុំបច្ចុប្បន្ននេះប្រជាជនខ្មែរមួយចំនួនបានយល់ដឹងពីទីផ្សារ និងសារសំខាន់ចំពោះការស្នាក់នៅក្នុងអគារសហកម្មសិទ្ធិ ឬហៅថាខុនដូនេះច្រើនជាងមុន។ ពីមុនភាគច្រើនគេតែងនិយាយថា មានតែជនជាតិបរទេសតែប៉ុណ្ណោះដែលចូលចិត្ត និងនិយមរស់នៅក្នុងខុនដូ ប៉ុន្តែពេលនេះ ពួកគាត់បានដឹងពីសារប្រយោជន៍នៃការរស់នៅក្នុងខុនដូ។ នៅពេលគាត់រស់នៅក្នុងខុនដូ ក្រៅពីបង្ហាញពីភាពរស់នៅបែបស៊ីវិល័យ គឺពួកគាត់មានភាពងាយស្រួលជាច្រើនទៀត ដូចជាស្ថិតនៅជិតកន្លែងដែលគាត់ធ្វើការ ប្រកបអាជីវកម្មផ្សេងៗ ជាពិសេសកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ”។

លោកស្រី តាំង ហួរ បានបញ្ជាក់ថា “ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ នៅក្នុងខុនដូមានប្រមូលផ្តុំទៅដោយសេវាជាច្រើនទៀតដូចជា សេវាកម្មផ្នែកថែរក្សាអនាម័យ អាហារដ្ឋាន ក្លឹបហាត់ប្រាណ កន្លែងស្ទីម សូណា រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត ដែលក្នុងនោះរួមបញ្ចូលទាំងទីកន្លែងសុវត្ថិភាពចំណតយានយន្តផងដែរ។ ក្រៅពីនេះ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឱ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឱ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ។ ជាមួយគ្នានេះ ប្រាក់ចំណេញពីការវិនិយោគ (Return on Investment) អ្នកទិញខុនដូ អាចជួលផ្ទះបាន ចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រាក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ”។

នាយិកាផ្នែកលក់របស់ក្រុមហ៊ុនភ្នាក់ងារ CSA ដែលទទួលសិទ្ធិក្នុងការលក់គម្រោងខុនដូប្រណីត AGILE SKY RESIDENCEបានមានប្រសាសន៍ថា AGILE SKY RESIDENCE គឺជាគម្រោងដ៏ល្អបំផុត និងស័ក្ដសមសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរបទពិសោធន៍ការរស់នៅបែបទាន់សម័យ ខណៈដែលតម្លៃលក់នៅលើទីផ្សារនៃគម្រោងមួយនេះមានភាពសមរម្យ បើប្រៀបធៀបទៅនឹងតម្លៃនៃគម្រោងខុនដូផ្សេងទៀតដែលស្ថិតនៅទីតាំងរួមគ្នា។

អ្នកស្រីបន្តថា “នៅតំបន់ដែលគម្រោង AGILE SKY RESIDENCE កំពុងសាងសង់នៅពេលនេះ ស្ថិតនៅចន្លោះបឹងកេងកង១ បឹងកេងកង៣ ដែលជាតំបន់មានសក្ដានុពលជាងគេនៅក្នុងរាជធានីភ្នំពេញ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃដែលត្រូវបានដាក់លក់នៅលើទីផ្សារ និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលភាគច្រើនជាជនជាតិខ្មែរនោះគឺត្រឹម១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ហើយតម្លៃនេះនឹងបន្តឡើងថ្លៃបន្ថែមទៀត ដែលកាន់តែជាឱកាសចំណេញយ៉ាងច្រើនសម្រាប់អតិថិជននៅពេលបច្ចុប្បន្ន។ នៅក្នុងរយៈពេលជាង២សប្ដាហ៍ ពួកយើងលក់បានរហូតដល់ទៅជាង៨០យូនីតទៅហើយ”។

អគារខុនដូដ៏ទំនើប AGILE SKY RESIDENCE មានកម្ពស់ ៤៤ជាន់ស្មើនឹងប្រមាណ ៩៦៣យូនីត ដោយត្រូវចំណាយរយៈពេលសាងសង់ចំនួន៣ឆ្នាំ និងមានបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ និងទីកម្សាន្តនានាជាច្រើន ដើម្បីផ្តល់ជូននូវផាសុកភាពដល់ការរស់នៅបែបទាន់សម័យ រួមជាដូចជា សួនច្បារ Sky Garden ចំនួន៤ មានកន្លែងហាត់ប្រាណ មានហាងកាហ្វេ មានមណ្ឌលកម្សាន្ត សម្រាប់កុមារ បណ្ណាល័យ រួមជាមួយនឹងផ្សារទំនើបផងដែរ៕

ដោយៈ សយ សុជាតា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top