ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងធនធានទឹក អំពាវនាវឲ្យ ពលរដ្ឋរស់នៅតាមបណ្តោយសណ្តទំនប់ ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោមបង្កើនការប្រុងប្រយ័ត្នខណៈ កម្ពស់ទឹកបន្តហក់ឡើង

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយសណ្តទំនប់ ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម ប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ខណៈកម្ពស់ទឹកនៅតែបន្តហក់ឡើង។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថានៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះលោក លឹម គានហោ អមដំណើរដោយរដ្ឋលេខាធិការ លោកអនុប្រធានអាជ្ញាធរទន្លេសាប លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញក្នុងតំបន់ប្រឈម នឹងជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹក ដើម្បីសម្រួលលំហូរបរិមាណជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀមលក្ខណ:កែលម្អបន្ថែមជាមុននឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ ស្ទឹងព្រែកត្នោត នៅរាជធានី-ខេត្តទាំង៣ខាងលើ នាពេលដ៏ខ្លីខាងមុខ ។

ក្រសួងធនធានទឹកបញ្ជាក់ថា”ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺកម្ពស់ទ្វារទឹកទំនប់អាង៧មករា មានកម្រិត កម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៤ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ ។ កម្ពស់ទឹកនេះធៀបនឹងព្រឹកមិញ បានកើនកម្ពស់ទឹក ០,២០ម៉ែត្រ បន្ថែម ដោយសារមានការបើកទ្វារទឹកនៅសំណង់ទ្វារទឹកលាំងជ្រៃ នៃខេត្តកំពង់ស្ពឺ”។

សកម្មភាពក្រុមការងារក្រសួងកំពុងអន្តរាគមន៍ រួមមាន ៖

  • ពិនិត្យ និងតាមដានស្ថានភាពលំហូរទឹកតាមច្រកទ្វារទឹកអាង៧មករា ច្រកទ្វារទឹកទឹកថ្លា ទំនាបផ្លូវជាតិលេខ៣ និងតាមបណ្តោយសណ្តរទំនប់ស្ទឹងព្រែកត្នោត
  • បិតភ្ជិតរូងនាគ និងលើកបាវខ្សាច់លើកកម្ពស់ទំនប់នៅសណ្តរផ្នែកខាងជើង ក្នុងសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ
  • ដាក់កម្លាំងក្រុមការងារអន្តរាគមន៍ក្រសួងនៅចំនួន ០៤ទីតាំង តាមសណ្តរទំនប់
  • លៃតម្រូវកម្ពស់ទ្វារទឹកសំណង់ទ្វារអាងទឹក៧មករា និងសំណង់ទ្វារទឹករលាំងជ្រៃ ដើម្បីសម្រួលបរិមាណលំហូរជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ឲ្យមានតុល្យភាព បន្ថយល្បឿនទឹកហូរបុកខ្លាំង ។
    ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តទំនប់ ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម មេត្តាបន្តប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ។
  • សូមរំលឹកថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី១៣ ខែតុលាបានដាក់បញ្ជាឱ្យមានការបិទផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ក្រោយទំនប់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ ដោយជំនន់ទឹកភ្លៀង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top