ព័ត៌មានជាតិ

រុស្សីបន្តផ្ដល់ ជំនួយលើវិស័យវិទ្យាសាស្រ្ត និងការអភិវឌ្ឍ ធនធានមនុស្សនៅ កម្ពុជា

ភ្នំពេញ៖ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញពីការគាំទ្រ ដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត ដើម្បីសន្តិភាព និងការបណ្តុះបណ្តាលធនធានមនុស្ស សិក្សានៅប្រទេសរុស្សី លើផ្នែវិទ្យាសាស្រ្តផងដែរ។

ការឱ្យដឹងបែបនេះធ្វើឡើង នៅក្នុង ជំនួបពិភាក្សាការងារ ជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងជំនួបនេះដែរ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) បានបញ្ជាក់ថាដែរថាកម្ពុជា មានការអភិវឌ្ឍដ៏ឆាប់រហ័ស និងបានពង្រឹងនិងពង្រីកទំនាក់ទំនង ជាប្រវត្តិសាស្រ្តដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ជាលំដាប់។

ក្នុងឱកាសនោះលោក សាយ សំអាល់ បានសំដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះបេសសកម្មការទូត របស់លោកឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា និងបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា និងរុស្ស៊ី។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថាកន្លងមកប្រទេសរុស្សី បានជួយដល់ការស្តារ និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសនៅពេលកម្ពុជា ទើតែរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

នៅក្នុងឱកាសនោះ លោកសាយ សំអាល់ មានប្រសាសន៍ថ្លែងអំណរគុណផងដែរ ដល់ប្រទេសរុស្សី និងប្រជាជនរុស្សី ដែលបានជួយ បណ្តុះបណ្តាលធនធានមនុស្ស ជំរុញឲ្យកម្ពុជារីកចម្រើន រហូតមកដល់ពេលនេះ។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-រុស្សី លើការអភិវឌ្ឍនៃបច្ចេកវិទ្យា និងការបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្រ្ត ឱ្យបានច្រើនថែមទៀត ដើម្បីជួយដល់ការអភិវឌ្ឍ ប្រទេសកាន់តែមានការរីកចម្រើន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top