ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញសកម្មភាព កិច្ចប្រតិបត្តិការ ជួយសង្គ្រោះផ្នែកសុខភាព ជូនបងប្អូន ប្រជាពលរដ្ឋ កំទ្បុងពេលទឹកជំនន់ របស់មន្ទីរសុខាភិបាល ខេត្តពោធិសាត់ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០


ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហាញសកម្មភាព កិច្ចប្រតិបត្តិការជួយសង្គ្រោះផ្នែកសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ កំទ្បុងពេលទឹកជំនន់ របស់មន្ទីរសុខាភិបាល ខេត្តពោធិសាត់ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរ សុខាភិបាលខេត្តពោធិសាត់ នាយប់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០ បានបង្ហាញថា ក្នុងកំឡុងពេលទឹកជំនន់ជន់លិចនៅខេត្តពោធិសាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ទីរសុខាភិបាលខេត្តពោធិសាត់ បានសកម្មចុះជួយសង្គ្រោះផ្នែកសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមទីតាំងមួយចំនួន នៃក្រុងពោធិសាត់ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ ដែលមានជាចំនូចសំខាន់ៗដូចតទៅ៖

–  បានចាត់ចែងឲ្យមានក្រុមគ្រូពេទ្យសង្គ្រោះចល័ត នៅថ្នាក់ខេត្ត សម្រាប់ក្រុងពោធិសាត់ និងនៅថ្នាក់ស្រុក នៅតាមបណ្តាស្រុកដែលមានទឹកជន់លិចខាងលើ

–  មានមណ្ឌលសុខភាពចំនួន ៣ កន្លែង (មណ្ឌលសុខភាពកោះជុំ ព្រែកត្នោត និងព្រៃញី) ដែលលិចទឹកតែត្រូវបានចាត់ចែងបានទាន់ពេល ក្នុងការទុកដាក់សម្ភារ-បរិក្ខាពេទ្យកុំឲ្យខូចខាត

– មណ្ឌលសុខភាព ចំនួន ១៥ កន្លែង ប្រឈមនឹងទឹកជន់លិច ដោយទឹកបានឡើងព័ទ្ធជុំវិញនៅតាមផ្លូវចូល និងអាគារ តែនៅអាចដំណើរការផ្តល់សេវាសុខភាពជាប្រចាំបាន ដើម្បីជួយប្រជាជនដែលមានបញ្ហាសុខភាពក្នុងកំឡុងពេលមានទឹកជន់លិចនៅតាមភូមិនានា

– បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនចំនួនរាប់រយនាក់

– អ្នកពស់ចឹកចំនួន ១១នាក់ ត្រូវបានជួយសង្រ្គោះបានទាន់ពេល មិនមានអ្នកស្លាប់បាត់បង់ជីវិតដោយសារពស់ចឹកនេះទេ

– បានធ្វើការអប់រំសុខភាពជូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ ពីអនាម័យដៃ និងខ្លួនប្រាណ ត្រូវប្រើប្រាស់ទឹកស្អាតដោយបានចែកថ្នាំក្លរ៉ាមីន ឬក្លរីន ដើម្បីដាក់សម្អាតទឹកមុនការប្រើប្រាស់ និងពន្យល់ពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ

–  ចែកមុងជ្រលក់ថ្នាំ (មុងអង្រឹង និងមុងគ្រួសារ) ជូនដល់ប្រជាជនដែលប្រឈម និងគ្រោះថ្នាក់ប្រមាណជាង ១០ម៉ឺនមុង

–  បានជួយសង្គ្រោះស្ត្រីសម្រាលកូនលំបាកចំនួន ០២នាក់ និងជំងឺធ្ងន់ធ្ងរ ហើយបានរកមធ្យោបាយបញ្ជូនពួកគាត់បានទាន់ពេលដូចជាទូក និងរថយន្តខ្ពស់ៗជាដើម ដើម្បីបញ្ជូនពួកគាត់មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិសាត់ 

– បានជួយអប់រំដល់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ពស់ចឹក នឹងត្រូវបញ្ជូនឲ្យបានទាន់ពេលវេលា ក្នុងករណីមានពស់ចឹក ទៅមន្ទីរពេទ្យដែលនៅជិតបំផុត

–  ណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្រែងលង់ទឹក ជាពិសេសកូនចៅតូចៗ ដែលប្រឈមនឹងការលង់ទឹក

– បន្តការផ្តល់សេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងតាមដានបញ្ហាសុខភាពនានា នៅក្នុងសហគមន៍ ហើយប្រសិនបើមានបញ្ហាសុខភាព សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ជួបជាមួយក្រុមគ្រូពេទ្យ ឬទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អ និងចៀសផុតពីគ្រោះទឹកជំនន់ផងដែរ៕

To Top