ព័ត៌មានជាតិ

ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យច្បាស់លាស់ បើទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ បេីទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រសួងសុខាភិបាល បានឲ្យដឹងបែបនេះ ក្រោយពីមានអ្នកលក់ថ្នាំព្យាបាលទឹកនោមផ្អែមច្រើនណាស់តាមonline ។

ជុំវិញ បញ្ហា ទាំងនេះ លោកស្រី ឱ វណ្ណឌីន បានសរសេរ ក្នុងតេឡេក្រាមក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ ថា ចំពោះការផ្សព្វផ្សាយតាមអនឡាញបែបអនាធិបតេយ្យ មិនមានច្បាប់ត្រឹមត្រូវ ក្រសួងសុខាភិបាល សូមអំពាវនាវ ដូចជា ៖

ទី១-ដល់បុគ្គលដែលមានបញ្ហាសុខភាព សូមកុំទិញប្រេីប្រាស់ ហេីយត្រូវទៅស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ ។

ទី២-ជនដែលផ្សាយតាមអនឡាញនូវឱសថ ឫបរិក្ខាពេទ្យ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈបជាបន្ទាន់ ហើយក្រសួង និងចាត់ការតាមផ្លូវច្បាប់ជាធរមាន ។ ត្រូវគោរពច្បាប់គ្រប់គ្រងឱសថ ដែលមានជាធរមាន ដែលគ្រប់មុខឱសថ ត្រូវតែចុះបញ្ជិកានៅក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយឱសថតាមរូបភាពណាក៏ដោយ ក៏ត្រូវតែមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលដែរ។

ទី៣-ការផ្សាយតាមអនឡាញនេះ តម្រូវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សូមកុំជឿតាមការឃោសនា ឫការផ្សាយ ឱសថ នេះឲ្យសោះ ហលយចូលរួមរាយការណ៌ជូនក្រសួងសុខាភិបាល នូវភាពមិនប្រក្រតីទាំងឡាយ ជាមួយនិងប្រភពច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេល។ បើយើងមិនជឿនិងមិនទិញ គឺមិនបារម្ភដល់ហានិភ័យសុខភាព ហើយអ្នកលក់ក៏លក់មិនដាច់ យូរៗទៅឈប់ឯងហើយ។

និងទី៤សូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផងដែរ។ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប យើងពិបាកតាមរកណាស់ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយនៅស្រុកគេ ក៏មានការពិបាកតាមរកដូចគ្នាដែរ។ ដូច្នេះ សំខាន់គឺការចូលរួមពបុគ្គលម្នាក់ៗ កុំជឿ និងកុំទិញ ។

បន្ថែមពីនេះទៀត អ្នកនាំពាក្យ ក្រសួងសុខាភិបាល ក៏បានលើកឡើងថា ក្រសួង ក៏កំពុងបន្តស្រាវជ្រាវលើករណីទាំងនេះ ជាបណ្តើរៗ ហើយកន្លងមកក៏បានចាត់ការផាកពិន័យ និងបិទបានមួយចំនួនហើយដែរ៕

To Top
×