ព័ត៌មានជាតិ

តារាចម្រៀង ព្រាប សុវត្ថិ នាំយកអង្ករ៥០តោន មកចែកជូនពលរដ្ឋ រងគ្រោះទឹកជំនន់ ៤០០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បេសកកម្មជួយសង្គ្រោះពលរដ្ឋ នៅតែបន្ត នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ នាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ប្រមាណ៤០០០ គ្រួសារ ដែលមិនបានឡើងមកលើទីទួលសុវត្ថិភាព។

លោកបន្តថា នៅថ្ងៃចន្ទ័នេះ ក្រៅពីសប្បុរសជននានា ក៏មានលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ,តារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ព្រមទាំងក្រុមការងារ ចុះលុយទឹកនាំយកអំណោយ ជាស្បៀងសង្គ្រោះបន្ទាន់ ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ដែលមិនបានឡើងមកលើទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ក្នុងភូមិព្រេករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ចំនួន២៣០ គ្រួសារ មានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានបែងចែកក្រុមការងារខេត្ត ស្រុក និងយុវជន ចំនួន ៥ ក្រុម បានបន្តយុទ្ធនាការចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារដែលរងគ្រោះទឹកជំនន់ ដែលមិនបានឡើងមកកាន់ទីទួលសុវត្ថិភាព ប្រមាណ ៤០០០ គ្រួសារ ទាំង០៦ ឃុំក្នុងស្រុកមង្គលបូរី ៕

To Top