Covid-19

សម្ដេច ហេង សំរិន និងអ្នកពាក់ព័ន្ធជាមួយលោក ឡូយ សុផាត កំពុងធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភានិងអ្នកពាក់ព័ន្ធជាមួយ លោក ឡូយ សុផាត តំណាងរាស្ត្រ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២ ៨ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេច ហេង សំរិន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថាជំងឺកូវីដ-១៩ បានចូលដល់ សហគមន៍ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

សម្ដេច រៀបរាប់ថា «ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន បានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមរបស់ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ»។

សម្ដេចបន្ដថា «អាស្រ័យដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំនិងភរិយា ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខ្ញុំ និងភរិយាបានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ចាប់ពីថ្ងៃទី២៨ វិច្ឆិកា មក»។

ជាងនេះទៅទៀត សម្ដេច ហេង សំរិន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្រ្តីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ ក្នុងរយៈពេល ១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត។

សម្ដេចក៏បានផ្ដាំផ្ញេី ជនរួមជាតិគ្រប់រូប មេត្តាកុំភ័យស្លន់ស្លោ រហូតដល់បាត់បង់ម្ចាស់ការឲ្យសោះការទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងពីជំងឺនេះ ជាកក្តាសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ។ ដូច្នេះ ជនរួមជាតិចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំនៅកន្លែងដែលមានមនុស្សច្រើន ពិសេសពុំគួរចេញក្រៅផ្ទះឡើយ បើមិនមានការចំាបាច់នោះ៕

ដោយ ៖ អេង ប៊ូឆេង

To Top