ព័ត៌មានជាតិ

ស្ថានទូតចិនប្រចាំកម្ពុជា រៀបចំកម្មវិធីកិច្ចសន្ទនាអនឡាញ រវាងស្ថានទូតចិនប្រចាំកម្ពុជា និង តំណាងកម្ពុជា ស្តីពីមហាសន្និបាត ពេញអង្គលើកទី៥ នៃគណកម្មាធិការមជ្ឈិ បក្សកុម្មុយនីស្តចិន សម័យទី១៩

ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំកម្មវិធីកិច្ចសន្ទនា    អនឡាញរវាងស្ថានទូតចិនប្រចាំកម្ពុជា និង តំណាងកម្ពុជា ស្តីពីមហាសន្និបាតពេញអង្គលើកទី៥ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម័យទី១៩ ដែលមានវាគ្មិនកិត្តិយសរួមមានភាគីចិន លោក អ៊ូ ឈាន់ពីង (WU CHHUANBING) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងតំណាងភាគីកម្ពុជា ដែលអញ្ជើញមកពីមជ្ឈដ្ឋាននយោបាយ ធនាគារខួរក្បាល សារពត៌មាន និងសង្គមស៊ីវិល។

វាគ្មិនទាំងនោះ ក៏មានផងដែរ លោក កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ណុប គុជ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោក សយ សុភាព សមាជិកគណៈកម្មាធិការនាយកសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក សុវណ្ណ ណារ៉ាក់ នាយកប្រតិបត្តិអង្គការ យុវជនដើម្បីអភិវឌ្ឍន៍សង្គមកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

លោក អ៊ូ ឈាន់ពីង បានមានឧទ្ទេសនាមពីមហាសន្និបាតពេញអង្គលើកទី៥ នៃគណកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនសម័យទី១៩ ដោយបានគូសបញ្ជាក់ថា វឌ្ឍនភាពរបស់ប្រទេសចិនជា       កាលានុវត្តភាពរបស់ពិភពលោក។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសចិនដោយមិនងាករេ។ មិនថាស្ថានភាពអន្តរជាតិ  ប្រែប្រួលយ៉ាងណាក៏ដោយ មិនថាខ្លួនរីកចម្រើនដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងនៅតែបន្តធ្វើជាអ្នកកសាងសន្តិភាពជូនពិភពលោក អ្នកចូលរួមរួមចំណែកវឌ្ឍនភាពជូនពិភពលោក និងអ្នកការពាររបៀបរៀបរយអន្តរជាតិជារៀងរហូត។ ប្រទេសចិននៅយុគសម័យថ្មីនឹងបន្តត្រួសត្រាយឱកាសថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ផ្តល់ឆាកថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ រួមវិភាគទានថ្មីសម្រាប់ការបង្កើនសុភមង្គលជូនដល់មនុស្សជាតិ។

វាគ្មិនកិត្តិយសកម្ពុជាដែលបានចូលរួម ក្នុងកិច្ចសន្ទនាលើកនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏សំខាន់នៃមហាសន្និបាតពេញអង្គលើកទី៥ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនសម័យទី១៩ ហើយក៏បានផ្តល់នូវការកោតសរសើរ ចំពោះផែនការ៥ឆ្នាំ លើកទី១៣ ដែលបានផ្តល់នូវសមិទ្ធផលដ៏មហិមា និងផលប្រយោជន៍តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ជូនដល់ប្រជាជន។ វាគ្មិនកិត្តិយសកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ផែនការ៥ឆ្នាំ លើកទី១៤  និងគោលដៅឆ្នាំ២០៣៥ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនេះ ពិតជានឹងសម្រេចប្រកបដោយភាពរលូន។


លោក កៅ មុយថង បានមានប្រសាសន៍សង្កត់ធ្ងន់ថា សហគមន៍ជោគវាសនារួមគឺជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន។ វាស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរដែលមិនអាចបំបែកបានឡើយទោះបីស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរក៏ដោយ។


លោក គិន ភា បានមានប្រសាសន៍ថា ផែនការ៥ឆ្នាំ លើកទី១៤  និងគោលដៅឆ្នាំ២០៣៥សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាផែនការមេសម្រាប់ប្រទេសចិនក្នុងការធ្វើដំណើរឆ្ពោះទៅកសាងប្រទេសសង្គមនិយមទំនើបពេញលេញ និងឆ្ពោះទៅរកគោលដៅ១០០ឆ្នាំលើកទី២របស់ចិន ក៏ដូចជាការណែនាំសកម្មភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិនក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ពហុភាគីនៅក្នុងសេដ្ឋកិច្ចពិភពលោក និងជាកម្លាំងចលករថ្មីនៃសន្តិភាព ស្ថិរភាពការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព។


លោក ណុប គុជ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរួមគ្នា រវាងកម្ពុជានិងចិនលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19គឺជាគំរូដ៏ល្អលើឆាកអន្តរជាតិ។ ប្រទេសចិនមិនត្រឹមតែបានគ្រប់គ្រងទាំងស្រុងនូវការរីករាលដាលនៃជំងឺរាតត្បាតក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផលិតវ៉ាក់សាំង សម្រាប់ជូនដល់ពិភពលោកផងដែរ។ ការផ្តល់តម្លៃជាអាទិភាព លើអាយុជីវិតរបស់ប្រជាជន គឺជាយន្តការដ៏ត្រឹមត្រូវបំផុតរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗដោយមានប្រទេសចិនជាគំរូដ៏ល្អ។

លោក សយ សុភាព បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន បានចូលរួមចំណែកយ៉ាងសកម្មបំផុត ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយជូនដល់សាធារណជន។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យសារព័ត៌មាន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយោគយល់គ្នានិងការជឿទុកចិត្តគ្នារវាងប្រជាជនទាំង   ពីរមានសក្តានុពលភាពដ៏ធំធេង។

លោក ឈាង វណ្ណារិទ្ធ បានថ្លែងថា ប្រទេសចិនសម្រេចបាននូវអច្ឆរិយភាពធំទាំងពីរ គឺសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងសង្គមរក្សាបាននូវស្ថិរភាពរយៈពេលយូរអង្វែងក្នុងរយៈពេល៧១ឆ្នាំកន្លងមកចាប់តាំងពី សាធារណរដ្ឋប្រជាមានិតចិនបានចាប់បដិសន្ធិកឡើង មូលហេតុជាឫសគល់គឺ ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងរបបសង្គមនិយម ដែលមានលក្ខណៈពិសេសនៃប្រទេសចិន។

លោក សុវណ្ណ ណារ៉ាក់ បានថ្លែងថា សង្គមស៊ីវិលកម្ពុជានិងចិនបានសហការគ្នា អនុវត្តគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់សហគមន៍មូលដ្ឋានកម្ពុជា ជាពិសេសសហគមន៍ក្រីក្រ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់ការតភ្ជាប់ដួងចិត្ត រវាងប្រជាជននៃប្រទេសយើងទាំងពីរ ថែមទៀតផង។    

លោក ជា មុនីឫទ្ធិ បានថ្លែងថាចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន គឺជាទ្រព្យសម្បត្តិរួមរបស់ប្រទេសយើងទាំងពីរ ហើយស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានដាក់ជាប់ជានិច្ចនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយ  ប្រជាជនកម្ពុជាគ្រប់រូប បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ដល់ការរឹតចំណងសាមគ្គីជាមេត្រីភាពនៃមិត្តភាពកម្ពុជានិងចិន ឋិតថេរចីរកាល៕

To Top