ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជា នាំអង្ករចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិ ជាង៦៩០ ០០០តោន និងស្រូវជាង ២ ៨០០ ០០០តោន ក្រៅពីនោះ កម្ពុជាក៏បាននាំចេញកសិផលសំខាន់ៗ មួយចំនួនទៀតផងដែរ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក វេង សាខុន នាពេលថ្មីៗនេះ បានបញ្ជាក់ថា ផ្តើមចេញពីន យោបាយ ឈ្នះ-ឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជា ប្រទេសផលិតស្បៀងបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗ ទៅជាប្រទេសផលិត ស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០។លោកថា ១០ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០១០ កម្ពុជាបានក្លាយជា ប្រទេសនាំស្បៀងចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកបន្ដថា ក្រសួងកសិកម្ម រួមសហការជាមួយ ភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយនេះ បានយ៉ាងខ្ជាប់ខ្ជួនក្នុងស្មារ តីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការដែលបានដាក់ចេញ។
លោក បញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្តែងសមិទ្ធផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គឺអង្ករ ចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនេះ កម្ពុជាបាននិងកំពុងធ្វើការនាំ ចេញកសិផលសំខាន់ៗមួយចំនួនទៀតដូចជាផ្លែស្វាយស្រស់ និងកែច្នៃ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ ដំឡូងមីស្រស់ និងក្រៀម មានប៉ៃលិនស្រស់ (តាង៉ែន) ជាដើម»។
លោបន្ថែមថា ការទទួលបានសមិទ្ធផលដ៏ល្អប្រសើរយ៉ាងនេះក្តី ក៏ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្ត សហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ច ជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោល បំណងសំខាន់គឺធ្វើយ៉ាងណា «ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្ត ន៍» ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយ កម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្ម ធ្វើយ៉ាងណាសម្រេចឲ្យបាននូវទស្សន វិស័យរបស់រាជរដ្ឋាភិបាលនា ឆ្នាំ២០៣០ និង២០៥០។
ជាងនេះទៅទៀត លោក វេង សាខុន លើកឡើងថា មួយក្នុងចំណោមគោលនយោបាយជាអាទិភាពរបស់ក្រសួង គឺការអភិវឌ្ឍយន្តូបនីកម្មកសិកម្ម។ ផ្តើមចេញពីការអនុវត្តគោលនយោបាយនេះ សង្កេតឃើញថា បច្ចុប្បន្ន គ្រឿងយន្តកសិកម្មបានចូលខ្លួនមកបម្រើឲ្យវិស័យកសិកម្មជំនួសឲ្យកំលាំងពលកម្មមនុស្ស និងសត្វពាហន:ស្ទើរតែទាំងស្រុង ជាពិសេស លើផ្នែកផលិតកម្មដំណាំស្រូវ និង ដំណាំកសិ-ឧស្សាហកម្ម៕