ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងស្មោះត្រង់ដូចបងប្អូន។ បន្ទាប់ពីបង្កើតទំនាក់ទំនង ការទូតរយៈពេល ៦៣ឆ្នាំមក មិត្តភាពរវាងចិននិងកម្ពុជា កាន់តែមានភាពរស់រវើក។ ប្រទេសចិននិងប្រទេសកម្ពុជា បានធ្វើដំណើរជាមួយគ្នា ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ ដែលបានបង្ហាញកាន់តែច្បាស់ថា ប្រទេសចិននិងប្រទេសកម្ពុជាគឺជា “មិត្តដែកថែប” ដែលអាចរួមសុខរួមទុក្ខជាមួយគ្នា ។
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងខណៈពេលគន្លឹះ ដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយជាមេដឹកនាំបរទេសទី១ ដែលបំពេញទស្សនកិច្ចនៅប្រទេសចិន។ ដើម្បីជួយប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានិង ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបរិច្ចាគព្រះរាជទ្រព្យ និងសម្ភារៈដល់ប្រទេសចិន ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលនយោបាយ “មិនជម្លៀសពលរដ្ឋកម្ពុជា ចេញពីប្រទេសចិន មិនផ្អាកជើងហោះហើរនិងមិនរើសអើង”។ រាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈដ្ឋាននានាក្នុងសង្គមខ្មែរ ក៏បានបរិច្ចាគប្រាក់និងសម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រទេសចិនផងដែរ។ ទំនុកចិត្តនិងជំនួយក្នុងគ្រា ពិសេសបានបង្ហាញថា មិត្តភាពចិន-កម្ពុជារឹងមាំមិនអាចបំបែកបាន។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលចិនបានចាត់បញ្ជូន ទៅប្រទេសកម្ពុជាបានទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះជាក្រុមវេជ្ជសាស្ត្រប្រឆាំងនឹងជំងឺកូវីដ១៩ ដំបូងដែលប្រទេសចិនបានចាត់បញ្ជូន ទៅកាន់បណ្តាប្រទេសជិតខាង និងប្រទេសអាស៊ានក្រោយពេលផ្ទុះជំងឺកូវីដ១៩មក។ ពួកគេក៏បាននាំទៅ ជាមួយនូវម៉ាសN-95 ម៉ាសវេជ្ជសាស្រ្តនិង សម្ភារៈវេជ្ជសាស្រ្តប្រឆាំងនឹងជំងឺកូវីដ១៩ ដែលត្រូវការបន្ទាន់នៅ ប្រទេសកម្ពុជា។ ក្រុមវេជ្ជសាស្ត្រគឺជា សក្ខីកម្មដ៏ល្អបំផុតដែលបង្ហាញថា ចិននិងកម្ពុជាបានជួយគ្នា ដោយដូងចិត្តតភ្ជាប់ជាមួយគ្នា។
ថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២០ ក្នុងឱកាសអបអរសាទរខួបលើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន លោកនាយឧត្តមសេនីយ៍ នាងផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាផ្ទុះនូវជំងឺកូវីដ១៩ ប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្ត្រយោធាប្រឆាំងនឹងជំងឺកូវីដ១៩ លើកដំបូងលើពិភពលោកមកកាន់កម្ពុជា ហើយបញ្ជូនយន្តហោះយោធា ដើម្បីដឹកជញ្ជូនសម្ភារៈប្រឆាំងនឹង ជំងឺកូវីដ១៩ដល់ប្រទេសកម្ពុជាចំនួន៤លើក សូមថ្លែងអរគុណដល់កងទ័ពរំដោះ ប្រជាជនចិនដែលបានរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ។
ចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០មក រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានអនុញ្ញាតឱ្យមានជើងហោះហើរ អន្តរជាតិមកពី ៨ប្រទេសហោះត្រង់ទៅកាន់ទីក្រុងប៉េកាំង រួមទាំងកម្ពុជាផងដែរ។ ជើងហោះហើរដំបូងគឺ ពីទីក្រុងភ្នំពេញហោះត្រង់ទៅទីក្រុងប៉េកាំង ដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចិន។
នៅថ្ងៃទី១២ ខែតុលាឆ្នាំ ២០២០ ប្រទេសចិននិងកម្ពុជា បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា។ នៅក្នុងបរិបទជំងឺកូវីដ១៩ ពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា បានបន្តពង្រីកថែមទៀត ដែលបានបង្ហាញពីទំនុកចិត្ត ចំពោះគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយបានបញ្ជូលកម្លាំងចលករថ្មី សម្រាប់ការកសាងសហគមន៍ រួមវាសនាចិននិងកម្ពុជា ដែលនាំមកនូវផលប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។
នៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២០ លោកស៊ីជីនភីង មេដឹកនាំកំពូលចិនបានរៀបចំ ពិធីថ្វាយគ្រឿងឥស្សរិយយសមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដល់ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា “គ្រឿងឥស្សរិយយសមិត្តភាព” នេះ តំណាងឱ្យការគោរពរបស់ ប្រជាជនចិនចំពោះព្រះមហាវីរក្សត្រី និងមនោសញ្ចេតនាមិត្តភាព ដ៏ជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ហើយក៏ជានិមិត្តរូបនៃចំណងមិត្តភាព ដ៏ជិតស្និទ្ធរវាងចិននិងកម្ពុជាផងដែរ។ សូមជូនពរឱ្យប្រទេសចិននិងកម្ពុជា មានភាពរុងរឿងនិងប្រជាជនមានសុភមង្គល សូមជូនពរឱ្យចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរឋិតថេរចីរកាល ។
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជា បានបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឫទ្ធិ និងប្រគល់ប័ណ្ណសរសើរជូន ក្រុមវេជ្ជបណ្ឌិតមកពីកងទ័ព រំដោះប្រជាជនចិនជើងទី១៥ និងជាក្រុមអ្នកជំនាញវេជ្ជសាស្ត្រជើងទី៩ នៃសកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើងទឹកចិន។
រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលប្រទេសចិន ផ្តល់ជូនប្រទេសកម្ពុជាត្រូវបាន ដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយ ដ៏ថ្លៃថ្លាវ៉ាក់សាំងពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមាននិតចិន ជូនដល់រាជរដ្ឋាភិបាល និងព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនកម្ពុជាបានផ្តល់Comment នៅក្រោមការផ្សាយផ្ទាល់ថា សូមអរគុណមិត្តចិន។ នេះគឺជាភស្ដុតាងដ៏ល្អបំផុតនៃចំណងមិត្តភាពចិន និងកម្ពុជា។
ក្នុងបរិបទដែលជំងឺកូវីដ១៩ បាននិងកំពុងរាលដាល នៅលើទូទាំងសកលលោក ប្រទេសចិននិងកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ការកសាងសហគមន៍រួមវាសនាតែមួយ រវាងចិន – កម្ពុជា ទទួលបានការវិវឌ្ឍ រីកចម្រើនថ្មីឥតឈប់ឈរ ៕