ព័ត៌មានជាតិ

សម្ដេចតេជោ យល់ព្រមឲ្យរៀបចំចាក់ វ៉ាក់សាំងកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ព្រមតាមសំណើររបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការរៀបចំចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅក្រសួងមហាផ្ទៃ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ដែលចំណុះទីស្ដីការក្រសួង ។

នាពេលថ្មីៗនេះ សម្តេច ស ខេង បានស្នើសុំគោលការណ៍ សម្តេចតេជោ ដើម្បីរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីស្ដីក្រសួងមហាផ្ទៃ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ។

យោងតាមលិខិតក្រសួងមហាផ្ទៃ ថ្មីៗនេះ បានឲ្យដឹងថា «ដោយសារមន្ដ្រីនគរបាលជាតិចំណុះទីស្ដីក្រសួងមហាផ្ទៃ ដែលនឹងត្រូវទទួលការចាក់ វ៉ាក់សាំង មានចំនួនច្រើន និងដើម្បីបញ្ចៀស បានការប្រមូលផ្ដុំ មនុស្សច្រើន ក៏ដូចជា រួមចំណែកកាត់បន្ថយបន្ទុក របស់ក្រុមគ្រូពេទ្យ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំសូមគោរពស្នើសុំគោលការណ៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី អនុញ្ញាតឲ្យមន្ដ្រីជំនាញ នៃក្រសួងសុខាភិបាល ធ្វើការបណ្ដុះបណ្ដាល ដល់មន្ដ្រីសុខាភិបាល នៃក្រសួងមហាផ្ទៃ អំពីបច្ចេកទេស នៃការចាក់វ៉ាក់សាំង និងផ្ដល់វ៉ាកសាំង ក្នុងចំនួនមួយសមស្រប (អាចចំនួន២០០ដូស ក្នុង១ថ្ងៃ រហូតដល់បញ្ចប់) ដើម្បីអនុវត្តដំណើរការចាក់វ៉ាក់សាំង នៅក្រសួងមហាផ្ទៃ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះទីស្ដីការក្រសួងមហាផ្ទៃ»។

ដោយឡែក សម្រាប់កងកម្លាំងនគរបាលជាតិ នៅតាមវរៈការពារព្រំដែនគោក-ទឹក ព្រមទាំងមន្ដ្រីនគរបាលជាតិ នៅតាមបណ្ដាខេត្ត បន្ដអនុវត្តការចាក់វ៉ាក់សាំង តាមការរៀបចំ និងការជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ៕

To Top