ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ ជីដូន ជីតា អាចកសាង ប្រាសាទ ស្ពាន អាយុកាលរាប់ពាន់ឆ្នាំ និងដំណើរការសព្វថ្ងៃនេះ ដូច្នេះយុវជនជំនាន់ក្រោយ អាចកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ដោយខ្លួនឯង

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើក ឡើងថា ជីដូន ជីតា អាចកសាងប្រាសាទ ស្ពានបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ កំពុងដំណើរការ ដល់សព្វថ្ងៃនេះ ដូច្នេះ យុវជនជំនាន់ក្រោយ ក៏អាចមានសមត្ថភាព កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានគុណភាពរឹងមាំដោយ ខ្លួនឯង ផងដែរ។

ក្នុងកម្មវិធីបង្ហាញ និងណែនាំនិស្សិត ដើម្បីចូលរៀននៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ឆ្នាំសិក្សា ២០២១-២០២២ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានរំឭកឡើងវិញនូវ ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដើម្បីកសាងប្រទេសជាតិបាន ត្រូវតែមានផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ហើយរយៈពេល ៣០ឆ្នាំក្រោយមកអ្វីដែល សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងនោះ គឺពិតជា ត្រឹមត្រូវ។

លោកបន្ដថា ហេតុដូច្នេះហើយទើបក្រសួង បង្កើតវិទ្យាស្ថាននេះឡើង ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ឱ្យចេះធ្វើផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពរឹងមាំ។

លោកថ្លែងថា «ជីដូនជីតាយើងអាចកសាងប្រាសាទជាច្រើន ស្ពានបុរាណ រាប់ពាន់ឆ្នាំ ដែលកំពុងដំណើរការ ដល់សព្វ ថ្ងៃនេះ ដូច្នេះយុវជនជំនាន់ក្រោយរបស់យើង ក៏អាចមានលទ្ធភាព សមត្ថភាពកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានគុណភាពរឹងមាំដោយខ្លួនឯង បានដែរ ប៉ុន្តែដើម្បីអាចមានសមត្ថភាពអាចធ្វើទៅបាន លុះត្រាតែយើងមាន ចំណេះវិជ្ជាជា មុនសិន។ ដើម្បីកសាង អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន យើងត្រូវតែមានប្រព័ន្ធភស្តុភាកម្មល្អ មានតម្លៃ ប្រកួតប្រជែង ដែលអាចទាក់ទាញអ្នកវិនិយោគ មកបណ្ដាក់ទុន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងអាចយកកសិផល ទៅលក់នៅបរទេសបាន»។

ឆ្លៀតឱកាសនោះដែរ លោករដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ចំណេះខាងបច្ចេកទេស និងចំណេះទូទៅ ឱ្យបានច្រើនដល់និស្សិត ដើម្បីក្លាយខ្លួនជា អ្នកចេះដឹងពិតប្រាកដ ចេះទាំងទ្រឹស្ដី ទទួលបានទាំងបទពិសោធន៍ មានគុណធម៌ សីលធម៌ អាចរស់នៅ ក្នុងសង្គមបាន អាចដឹកនាំ និងចូលរួមជាមួយអ្នកដទៃបានផងដែរ។ ក្រសួងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីយកនិស្សិតឆ្នើម និងសាស្ត្រាចារ្យល្អៗ ទៅដកស្រង់បទពិសោធន៍ជាក់ស្តែង នៅតាមការដ្ឋានក្នុងស្រុក ក៏ដូចជាបណ្តាប្រទេសនានា ដូចជា៖ ប្រទេសចិន ជប៉ុន កូរ៉េ ដែលជាដៃគូ សហការរបស់ក្រសួង។

លោកបានផ្តាំផ្ញើ ឱ្យនិស្សិតទាំងអស់ យកចំណេះវិជ្ជាដែលមានទៅជួយជាតិ ឱ្យមានភាពរុងរឿង ថ្លៃថ្នូរ និងកិត្យានុភាព ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រទេសជាតិមាតុភូមិ ដើម្បីខ្លួន ឯងផង ដើម្បីមនុស្សជំនាន់ក្រោយ៕

To Top